បក្សភ្លើងទៀនចង់បានការផ្លាស់ប្តូរសមាសភាព គ.ជ.ប ដើម្បីឈានទៅរកការឈ្នះឆ្នោតឆ្នាំ២០២៣
ភ្នំពេញ៖ គណបក្សភ្លើងទៀនកាលពីថ្ងៃសៅរ៍ ទី៨ខែតុលា បាន រៀប ចំប្រជុំផែនការយុទ្ធសាស្រ្តសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំក្រោយ ដោយមានការចូលរួមសមាជិកប្រមាណ១២០ នាក់មកពីរាជធានី-ខេត្ត។ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស ភ្លើង ទៀន បញ្ជាក់ថា កិច្ចប្រជុំនោះ គឺការណែនាំដល់សមាជិកបក្ស នៅរាជធានី-ខេត្ត ឱ្យយល់ដឹងពីបញ្ហារៀបចំបញ្ជីឈ្មោះ បោះឆ្នោតឆ្នាំ ២០២៣។
លោកថា៖ «បក្សភ្លើងទៀនបានពិភាក្សាអំពីបញ្ហាប្រឈមនៃ ការដាក់ បញ្ជីចុះឈ្មោះបោះឆ្នោត ដែលថ្ងៃទី២០ខែតុលាខាងមុខ គឺនឹង ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣»។
ការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ របស់គណបក្សភ្លើងទៀន ដែលគេមើល ឃើញ ជាគណបក្សប្រឆាំងមួយថ្មី បានធ្វើឡើងជាបន្តបន្ទាប់ នាខណៈដែលការបោះឆ្នោតថ្នាក់ឆ្នាំក្រោយនេះនៅរយៈពេលតែប្រាំបួនខែទៀតប៉ុណ្ណោះ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានបង្ហើបពី យុទ្ធសាស្រ្ត ខ្លះរបស់គណបក្ស ថានឹងរៀបចំដើម្បីទាក់ទាញ ចិត្ត ប្រជាពលរដ្ឋ គាំទ្រ តាមរយៈការមើលឃើញពីបញ្ហាសង្គមដែល ទាមទារការដោះស្រាយជាបន្ទាន់។
លោក ថាច់ សេដ្ឋា ថា៖ «អ្វីដែលជាបញ្ហាចំពោះមុខ យើងកំពុងតែ ប្រឹងប្រែងនូវការតស៊ូមតិ ដើម្បីធ្វើយ៉ាងម៉េចឱ្យមានការលម្អ គ.ជ.ប ក៏ដោយ ក៏ដូចជាកែច្បាប់រៀបចំនៃការបោះឆ្នោតនេះ ឱ្យបានត្រឹម ត្រូវដើម្បីធានាដល់ការបោះឆ្នោត ឱ្យបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ ទាំងជាតិ និងអន្តរជាតិអាចទទួលយកបាន។ ជាពិសេសគណបក្សដែលចូលរួមប្រកួតហ្នឹង យើងអាចទទួល យើងបានទាំងអស់គ្នា។ ហ្នឹងដែលយើងកំពុងខិតខំតស៊ូជាមួយ គ.ជ.ប ក្តី ក្រសួងមហាផ្ទៃក៏ដោយ ទៅខាងសភាក៏ដោយ»។
ចេតនានៃការចង់បានការកែលម្អសមាសភាព គ.ជ.ប បែបនេះពី សំណាក់គណបក្សភ្លើងទៀន ត្រូវបានអ្នកនាំពាក្យគណបក្ស ប្រជាជន កម្ពុជាធ្វើការពន្យល់តប។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា៖ «យើងដឹងហើយថា គ.ជ.ប គឺកើតឡើងតាមការ ពិភាក្សា ឯកភាពរវាងគណបក្សដែលមានអាសនៈក្នុងសភា។ ដើម្បីឱ្យ មានការឯកភាព គឺមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដាក់ បញ្ចូលស្ថាប័ន គ.ជ.ប ទៅជាស្ថាប័នធម្មនុញ្ញ»។
លោក សុខ ឥសាន បន្ថែមថា៖ «ដោយឡែកគាត់ទាមទារឱ្យ មានការផ្លាស់ប្តូរសមាសភាពគ.ជ.ប នឹងទៅមិនរួចទេ ពីព្រោះ យើងដឹងហើយ គណបក្សភ្លើងទៀន និងគណបក្សតូចៗ មួយចំនួនដែលបង្កើត ក៏ចេញមកពីអតីតគណបក្សសង្រ្គោះជាតិ ដែលឯកភាពក្នុងរដ្ឋសភារួចហើយ មានរឿងអីត្រូវកែប្រែ គ.ជ.ប ទៀត»។
តាមឯកឧត្តម សុខ ឥសាន គឺគណបក្សប្រឆាំងនៅតែមិនអាចមក ប្រកួតប្រជែងយកឈ្នះគណបក្សប្រជាជនកម្ពុជា ដោយសារតែ បក្សទាំងនោះ កើតចេញពីគណបក្សចាញ់រួចទៅហើយ។ ម្យ៉ាង វិញជាង៣០ឆ្នាំនៃការដឹកនាំកម្ពុជា លោក សុខ ឥសាន អះអាង ប្រជាពលរដ្ឋមានទំនុកចិត្តទៅលើគណបក្សប្រជាជនកម្ពុជាតែម្តង៕ ដោយ៖សេក ប្រាក់