ទេសរដ្ឋមន្ត្រី មាស សុភា និងអាជ្ញាធរខេត្តព្រះវិហារ បន្តចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខេត្ត
ព្រះវិហារ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុម ការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយ ថ្នាក់ ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាពនានា ជុំវិញខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានបន្តចុះពិនិត្យស្ថានភាព ទឹកជំនន់ក្នុងភូមិសាស្ត្រខេត្ត និងចុះពិនិត្យទំនប់សណ្ត ដែលជា គម្រោងរបស់រដ្ឋបាលខេត្ត ហើយកំពុងអនុវត្តដោយមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត សម្រាប់ការពារមិនឱ្យទឹកជនន់ ជន់លិចខេត្ត។ឯកឧត្តមក៏បានសំណេះសំណាលជាមួយមន្ត្រី បុគ្គលិក កម្មករ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដែលកំពុងមប្រើការនៅតាមការដ្ឋាននានាផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរ អង្គភាព ជុំវិញខេត្តព្រះវិហារ ដែល បានខិត ខំយកចិត្តទុកដាក់សហការគ្នា ជួយប្រជាពលរដ្ឋពី គ្រោះទឹកជំនន់ ទាំងការដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព ទាំងការឧបត្ថម្ភស្បៀង អាហារ សម្ភារ និងការថែទាំសុខភាព។
ស្របពេលស្ថានភាពទឹកដងស្ទឹងសែននៅថ្ងៃនេះ មានការស្រកចុះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំពាវនាវ និងណែនាំដល់អាជ្ញាធរ មូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ ចុះសិក្សាវាយតម្លៃលើផលប៉ះពាល់ ស្រែ ចម្ការ ដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយ ទឹកជំនន់ ដើម្បីឲ្យពួកគាត់បានទទួលពូជស្រូវ ពូជដំណាំផ្សេងៗ យកទៅដាំដុះបន្ត ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសំឡេងពិសេស ។
ឯកឧត្តម មាស សុភា ក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះការសាង សង់ទំនប់សណ្ត ដែលជាគម្រោងរបស់ រដ្ឋបាលខេត្ត កំពុង អនុវត្តសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ។ ឯកឧត្តម សង្កត់ធ្ងន់ថា ទំនប់សណ្តនេះ មានសារៈសំខាន់ណាស់ មិនត្រឹមតែទប់ទឹកមិនឱ្យ ចូលក្រុង ប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវគមនាគមន៍ក្រវាត់ក្រុង ហើយអនាគតនឹង ក្លាយជាផ្លូវក្រាលកៅស៊ូ ដើម្បីឈានបន្តអភិវឌ្ឍន៍ក្រុងព្រះវិហារ ផងដែរ៕ ដោយ៖ សេឌី