លោក ពូទីន ចោទអ៊ុយក្រែននៅក្រោយករណីបំផ្ទុះបំផ្លាញស្ពានគ្រីមៀ ហើយហៅទង្វើនេះថា ជា “អំពើភេរវកម្ម”
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអាទិត្យទី៩ ខែតុលា បានចោទប្រកាន់អ៊ុយក្រែន ពីបទរៀបចំការបំផ្ទុះដ៏ខ្លាំងមួយ ដែលបានបំផ្លាញស្ពានសំខាន់មួយ ដែលតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀកាលពីមួយថ្ងៃមុន ដោយពណ៌នាហេតុការណ៍នេះថា ជា “អំពើភេរវកម្ម”។
លោក ពូទីន បានថ្លែងនៅក្នុងវីដេអូមួយនៅលើបណ្តាញសង្គម Telegram របស់វិមានក្រឹមឡាំងថា គ្មានការងឿងឆ្ងល់ទេ… នេះជាសកម្មភាពភេរវកម្មដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់។ លោកថា វាត្រូវបានរៀបចំ អនុវត្ត និងបញ្ជាដោយសេវាកម្មពិសេសរបស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំរុស្ស៊ីរូបនេះ ធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ បានវាយប្រហារប្លុកផ្ទះល្វែងមួយ និងអគារលំនៅដ្ឋានផ្សេងទៀតនៅក្នុងទីក្រុង ហ្សាប៉ូរីសហ្ស៊ីយ៉ា ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់និងរបួស ៨៩នាក់ផ្សេងទៀត។
គួរបញ្ជាក់ថា ការបំផ្ទុះនៅលើស្ពានឆ្លងកាត់ច្រកសមុទ្រ Kerch ដែលជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងកម្លាំងរបស់រុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែន បានជំរុញឱ្យមានសារដ៏រីករាយជាច្រើនពីមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ប៉ុន្តែមិនមានការអះអាងពីការទទួលខុសត្រូវនោះទេ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា




