ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បណ្តាលឱ្យដំណាំស្រូវរងផលប៉ះពាល់ជាង ៣ម៉ឺនហិចតា ខូចខាត ១,៥ម៉ឺនហិចតា អាចស្នើពូជបឋមសម្រាប់កសិករ ១១.១០០គ្រួសារ
បន្ទាយមានជ័យ៖ ទឹកជំនន់ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី០៩ ខែតុលាឆ្នាំ២០២២នេះ មានស្ថានភាពស្រកខាងលើ ស្រុងខាងក្រោម ។ ពោលគឺនៅភូមិសាស្ត្រស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅបានស្រក ហើយស្រុងមកក្រុងសិរីសោភ័ណជាទីប្រជុំជនខេត្ត។ ស្រកនៅប៉ែកខាងលើនៃឃុំស្ពានស្រែងស្រុកភ្នំស្រុក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ស្រុងមកប៉ែកខាងក្រោមនៃស្រុកព្រះនេត្រព្រះ និងប៉ែកខាងលើនៃស្រុកមង្គលបូរី ស្រកមកផ្នែកកណ្តាលនិងចុងនៃស្រុកនេះ ។
នេះបើតាមឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យថ្លែងក្នុងពេលជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់មកទួលសុវត្ថិភាព,ការចុះពិនិត្យស្ថានភាពស្រូវនិងក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយឯកឧត្ដមទេសរដ្ឋមន្ត្រីគន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាសាលប្រជុំ ខ សាលាខេត្តនារសៀលថ្ងៃទី០៩ខែតុលា ។
សម្រាប់ដំណាំស្រូវរងផលប៉ះពាល់ជាង ៣,៥ម៉ឺនហិចតា ខូចខាត ១,៥ម៉ឺនហិចតា អាចស្នើពូជបឋមសម្រាប់កសិករ ១១.១០០គ្រួសារ(១គ្រួសារបាន ១ហិចតា ឬស្រូវពូជទម្ងន់ ១០០គក្រ)។
ផលប៉ះពាល់ដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀង ស្លាប់មនុស្សចំនួន ១៤នាក់ ប៉ះពាល់ផ្ទះចំនួន ៩,២១៨ខ្នង មនុស្សរាយ ៤០,៦៣៧នាក់ ៕ដោយ៖ឃិន គន្ធា