សម្តេចតេជោ ហ៊ុន សែន បង្រៀនឱ្យក្រុមប្រឆាំងទៅពិនិត្យ ច្បាប់ រដ្ឋធម្មនុញ្ញឡើងវិញ មុននឹងរិះគន់
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ទៅ ក្រុមប្រឆាំងដោយប្រយោលឱ្យទៅពិនិត្យច្បាប់នៃរដ្ឋធម្មនុញ្ញឡើងវិញ មុននឹងរិះគន់សម្តេចជុំវិញការតែងតាំង ឬដកសមាជិករដ្ឋាភិបាល។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី មានការលើកឡើងមួយចំនួនពាក់ព័ន្ធនឹងការរុះរើតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ។
នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បាន សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចរួមជាមួយនឹងការបង្ហាញអត្ថបទរដ្ឋធម្មនុញ្ញផង ឱ្យក្រុមអ្នកប្រឆាំងដែលរិះគន់សម្តេចថា ផ្តាច់ការលើការតែងតាំងឬដកតំណែងសមាជិករដ្ឋាភិបាលមើល។
សម្តេចតេជោបានប្រាប់ឱ្យទៅមើលមាត្រា២១ ជំពូក២នៃ រដ្ឋធម្មនុញ្ញ ដែលចែងអំពីព្រះមហាក្សត្រ ហើយទៅអានមាត្រា២០ ជំពូកទី៣នៃ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។
ជាការកត់សម្គាល់ថា ការឆ្លើយតបរបស់សម្តេចតេជោ នាយរដ្ឋមន្ត្រី កម្ពុជា បានធ្វើឡើងបន្ទាប់មានការរិះគន់ពាក់ព័ន្ធនឹង ការដក តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីលោកវេង សាខុន តាមសំណើររបស់សម្ដេចដោយព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែតុលា និងដាក់ជំនួសវិញដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជា រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្មជាបណ្តោះអាសន្នទម្រាំមានការជ្រើសតាំងថ្មីបន្ថែមលើមុខងារបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ដើម្បីចូលរួម ចំណែកជួយក្រុមប្រឆាំងផ្កាប់មុខឱ្យមានចំណេះដឹងដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយ សូមអស់លោកបើកមើលមាត្រា២១ ជំពូកទី២នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ។ បន្ទាប់ទៅ សូមអានមាត្រាទី២០ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បំណងល្អពីលោក សូមក្រុម ប្រឆាំងខំប្រឹងរៀនសូត្របន្ថែម កុំចេះតែចោទលោកថា ផ្តាច់ការ ហើយ ដោយសារការគ្មានចំណេះដឹងនេះហើយ ទើបបានជារត់ចោល ស្រុក និងជាប់ពន្ធធនាគារ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រាប់ក្រុមប្រឆាំងឱ្យខំប្រឹងរៀនសូត្រ ដើម្បី អាចមានលទ្ធភាពកាន់អំណាចនៅជាតិក្រោយបាន។
បន្ថែមលើការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ខាងលើ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្ទរថា៖ «ក្នុង ការបញ្ចប់ ឬតែងតាំងតំណែងនេះគឺស្របតាមលក្ខខណ្ឌច្បាប់។ សម្រាប់ អ្នកប្រឆាំងដែលលើកឡើងថា អធម្មនុញ្ញភាពនោះ សូមមេត្តា ទៅពិនិត្យច្បាប់ដែលសម្តេចលោកប្រាប់នោះចុះ។ លោកមិនត្រឹម តែអាចបញ្ចប់មុខតំណែងទេ ថែមទាំងអាចដោះដូរគណៈរដ្ឋមន្ត្រីផង ព្រោះនាយករដ្ឋមន្ត្រីតែមួយមុខគត់ដែលទទួលខុសត្រូវចំពោះមុខរដ្ឋសភា មិនមែនគណៈរដ្ឋមន្ត្រីទេ»។
គួររំឭកថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់ មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើរបស់សម្តេចតេជោ នាយក រដ្ឋមន្ត្រីកម្ពុជា។ នៅថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្មបន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី៕
ដោយ៖សំបាន ច័ន្ទដារ៉ា