អគ្គលេខាធិការសហព័ន្ធកីឡាវាយសី ចាត់ទុកការចូលរួមចំណែកពីក្លឹបវាសីឯកជនជាសកម្មភាពគំរូមួយជួយពន្លឿននិងបំផុសកីឡាវាយសីនៅកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះក្លិប T-Badminton Court ដែលបានរៀបចំនូវការប្រកួតពានរង្វាន់ T-OPEN 2022 ឡើង ហើយ ឯកឧត្តម បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាគំរូសម្រាប់ក្លិបដទៃ ហើយជាការរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាវាយសីកម្ពុជាឲ្យកាន់តែរីកចម្រើន។
ការលើកឡើងនេះ ក្រោយបញ្ចប់ការប្រកួតពានរង្វាន់លក្ខណៈមិត្តភាពខាងលើ ដែលពិធីបិទបានធ្វើឡើងក្រោមវត្តមាន លោក ខៀវ ភារិទ្ធ លេខាធិការគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បន្ទាប់ពីដំណើរការប្រកួតរយៈពេល ២ថ្ងៃកាលពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២២។
អគ្គលេខាធិការ សហព័ន្ធរូបនេះ បានគូសបញ្ជាក់ថា ការប្រកួតនេះ គឺជាការបំផុសដល់កីឡាករ-កីឡាការិនីចេះលេងកីឡាវាយសីឲ្យចូលរួមប្រកួត ហើយសហព័ន្ធរីករាយក្នុងការជួយគាំទ្រលើបច្ចេកទេសរៀបចំនានា។ លោកថា បើកីឡាវាយសីរបស់យើង មានការផុសផុលចាប់ពីពេលនេះរហូតតទៅ កីឡាវាយសី នឹងមានធនធានកាន់តែច្រើន សម្រាប់ត្រៀមរៀបចំការប្រកួតឆាកអន្ដរជាតិឲ្យបានច្រើនដូចគេ។ ក្រោយចប់ការប្រកួតនៅក្លិប ពេលប្រកួត T-OPEN 2022 យើងសង្ឃឹមជឿជាក់ថា ក្លិបដែលមានលទ្ធភាព និងសមត្ថភាពធ្វើ ក្លិបទាំងនោះ នឹងរៀនតាម T-Badminton Court ដោយសារក្លិប ធ្វើបានសម្រេច និងជោគជ័យ ដោយមានការចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនាមសហព័ន្ធ យើងនឹងជួយជំរុញពីក្រោយបន្ដទៀត ដើម្បីឲ្យកីឡាវាយសីកាន់តែច្រើន។
សម្ភាសន៍ …….ឯកឧត្តម ជាម សុភា ……………….។
ដោយឡែកលោក ព្រំ សារ៉ាវុធ តំណាងក្លិបខាងលើបានសម្ដែងនូវសេចក្ដីរីករាយ ដែលបានរួមចំណែកជាមួយសហព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះ ជាក់ស្ដែងការប្រកួតនេះ គឺមានកីឡាករ-កីឡាការិនីចូលរួមសរុបរហូតដល់ ១២៨នាក់ មកពី ១៦ក្លិប ក្នុងនោះក៏មានកីឡាករ-កីឡាការិនីបរទេសចូលរួមផងដែរ ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម បារាំង និងអង់គ្លេសជាដើម។ លោកបន្ដថា សម្រាប់ទិសដៅរបស់ក្លិប T-Badminton Court យើងនឹងកំណត់ព្រឹត្តិការណ៍នេះ គឺជាកម្មវិធីប្រកួតប្រចាំឆ្នាំរបស់ក្លិប នៅរៀងរាល់ខែតុលា ហើយយើងនឹងខិតខំរៀបចំការប្រកួតនេះឲ្យកាន់តែល្អប្រសើរ ទោះបីការរៀបចំលើកនេះ គ្មានការរិះគន់ណាមួយក្ដី ដើម្បីរួមចំណែកជាមួយសហព័ន្ធ ក្នុងការអភិវឌ្ឍ និងផលិតធនធានកីឡាវាយសីឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្រាប់ការប្រកួត T-OPEN 2022 គឺបែងចែកជា២ គឺការប្រកួតកម្រិតមធ្យម (Intermediate) និងការប្រកួតកម្រិតខ្ពស់ (Advance) លើវិញ្ញាសាវាយគូបុរស។ ជាលទ្ធផលកម្រិតកម្រិត Intermediate លេខ១ បានទៅកីឡាករ ហេង ចាន់សុវណ្ណា និង ភាវ សៀវហ៊ុយ, លេខ២ កីឡាករ ផាម ថេងឡុង និង ឡាំ ងៀនដុយអាញ និងលេខ៣ កីឡាករ ឡាំ កូរ៉េន និង ឡាយ ហុកឈុម។ រីឯលទ្ធផលការប្រកួតកម្រិត Advance ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ អ៊ឹង យ៉ុងវៃ និងកីឡាករ លឹម ជីត ហ៊ុយ ធើរ៉េន, លេខ២ កីឡាករ អេង អេចសេលេន និងដៃគូ លាង ភីណា និងលេខ៣ កីឡាករ បុត អាច្ចក្រីយ៉ា និងកីឡាករ ឡាង ចន្ទី៕ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner