ទូទស្សន៍ CNN សុំទោសចំពោះការចុះថតនៅកន្លែងកើតហេតុនៃការសម្លាប់រង្គាលនៅទារកដ្ឋានថៃ
ថៃ៖ទូរទស្សន៍ CNN នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ បានសុំទោសជាសាធារណៈចំពោះការចុះយកនិងផ្សព្វផ្សាយព័ត៌មានពីក្នុងតំបន់ហាមឃាត់ ឬទីតាំងឧក្រិដ្ឋកម្ម នៅបរិវេណទារកដ្ឋានថៃ Nong Bua Lamphu ជាកន្លែងដែលឃាតករវ័យ ៣៤ ឆ្នាំម្នាក់ បានបើកការវាយប្រហារដោយកាំភ្លើងនិងកាំបិតសម្លាប់មនុស្ស ៣៦ នាក់។ក្នុងនោះមានកុមារតូចៗចំនួន ២៤ នាក់ផងថ្មីៗនេះ។
ការចេញមុខទទួលកំហុសអ្នកកាសែត២រូបនិងអ្នកគ្រប់គ្រងទូរទស្សន៍ CNN គឺបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីក្រុមប្រជាពលរដ្ឋ និងអ្នកធ្វើការប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ ថាជាការរំលោភលើក្រមសីលធម៌អ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។
ក្នុងសេចក្តីថ្លែងការណ៍ អនុប្រធានប្រតិបត្តិរបស់ទូរទស្សន៍ CNN លោក Mike McCarthy ថាគេមានការសោកស្តាយចំពោះការដើរហួសបន្ទាត់ បង្កឡើងដោយការចុះយកព័ត៌មានរបស់ខ្លួន។ និងបន្តថា ទូរទស្សន៍ CNN សម្រេចបញ្ឈប់ការផ្សាយរូបភាពនិងវីដេអូនោះ ហើយក៏បានលុបចេញអស់ពីវេបសាយផងដែរ។
តាមការស៊ើបអង្កេតរបស់អាជ្ញាធរថៃ ក្រុមអ្នកសារព័ត៌មាន CNN ពុំបានដឹងទេថា មន្ត្រីសុខាភិបាលដែលផ្តល់ការអនុញ្ញាតឱ្យគេចូលយកព័ត៌មានកន្លែងហាមឃាត់ ឬទីតាំងឧក្រិដ្ឋកម្មនោះ គ្មានសិទ្ធិអំណាចសម្រេចថាអាចចូលឬមិនអាចចូលបានឡើយ។
ក្នុងសេចក្តីថ្លែងការណ៍របស់ទូរទស្សន៍ CNN លើកឡើងថា ក្រុមអ្នកសារព័ត៌មានទាំង២នាក់របស់ខ្លួន គ្មានចេទនាបំពានច្បាប់ណាមួយរបស់ប្រទេសថៃឡើយ ព្រោះពួកគេពុំបានដឹងថាអ្នកអនុញ្ញាតិអោយគេចូលទៅកន្លែងកើតហេតុនោះគ្មានសិទ្ធិអំណាចអនុញ្ញាត។ គួរដឹងថា CNN ធ្លាប់បានការពារសកម្មភាពរបស់សហការីខ្លួនថាបានទទួលការអនុញ្ញាតពីមន្ត្រីសុខាភិបាលសាធារណៈថៃ ឱ្យចូលទៅក្នុងកន្លែងឧក្រិដ្ឋកម្ម។ ទូរទស្សន៍ CNN បានអះអាងថា ក្រុមការងាររបស់ខ្លួនបានថតនៅទីនោះ រួមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ក្នុងអំឡុងពេលដែលរនាំងការពារទីតាំងឧក្រិដ្ឋកម្មរបស់ត្រូវបានដកចេញ។
មិនត្រឹមតែការអនុវត្តខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះទេ តាមលោកអគ្គស្នងការនគរបាលជាតិថៃ លោក Surachat Hakparn ក្រុមអ្នកសារព័ត៌មាន CNN ទាំង២នាក់នោះ ត្រូវរងទោសទណ្ឌដោយសារការប្រើប្រាស់ទិដ្ឋការទេសចរណ៍ចូលប្រទេសថៃ តែបែរជាមកបំពេញបេសកកម្មការងារចូលយកព័ត៌មាននៅទារកដ្ឋាន Nong Bua Lamphu នោះទៅវិញ។ អ្នកសារព័ត៌មានទាំង២ ត្រូវបង់ប្រាក់ផាកពិន័យម្នាក់ចំនួន ៥០០០បាត ឬ ១៣៣ដុល្លារ និងត្រូវចាកចេញពីប្រទេសថៃ។
គួរជម្រាបថា នៅក្រោយចេញវីដេអូ និងរូបភាពនៅខាងក្នុងមជ្ឈមណ្ឌលរយៈពេលប្រហែល ១៥ នាទីនោះ ប្រជាពលរដ្ឋនិងអ្នកធ្វើការងារប្រព័ន្ធផ្សព្វផ្សាយបានចេញមុខប្រតិកម្មយ៉ាងខ្លាំង។ ក្លិបអ្នកកាសែតបរទេសនៃប្រទេសថៃ (FCCT) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការចុះផ្សាយរបស់ CNN នោះថាជា «គ្មានវិជ្ជាជីវៈ និងជាការបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌អ្នកសារព័ត៌មាន»។
ការសម្លាប់រង្គាលដ៏ឃោរឃៅបំផុតមួយរបស់ប្រទេសថៃក្នុងឆ្នាំ២០២២នេះ បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយ៉ាងខ្លាំងទៅកាន់ទីក្រុងតូចមួយនៃខេត្ត Uthai Sawan នៅភាគឦសាន។ គិតត្រឹមថ្ងៃអាទិត្យទី០៩ ខែតុលា ឆ្នាំ២០២២ គឺនៅតែមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបន្តរាយការណ៍ពីកន្លែងកើតហេតុនៅឡើយ៕
ដោយ៖ បណ្តូល ពេជ្រ / CPA