ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា កងកម្លាំងត្រូវមានភាពអព្យាក្រឹតចំពោះរដ្ឋាភិបាល តែមិនត្រូវមានអព្យាក្រឹតចំពោះសត្រូវដែលចង់ផ្តួលរំលំមកលើរដ្ឋាភិបាល ដែលកំពុងមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍នោះទេ
(កំពង់ស្ពឺ)៖ ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានបន្តនាំយកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ ផ្តល់ជូនដល់ នាយនាវី នាយនាវីរង ពលនាវិក នៅមូលដ្ឋានសមុទ្ររាម និងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក ។ ជាមួយនឹងការពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពី សម្តេចទាំងទ្វេរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះកងទ័ពជើងទ័ពដែលកំពុងឈរជើងការពារដែនសមុទ្រ កោះឆ្នេរនៅទិសនិរតីយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព ការពារផលប្រយោជន៍ប្រជាជន។
ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា កងកម្លាំងត្រូវមានភាពអព្យាក្រឹតចំពោះរដ្ឋាភិបាល តែមិនត្រូវមានអព្យាក្រឹតចំពោះសត្រូវដែលចង់ផ្តួលរំលំមកលើរដ្ឋាភិបាល ដែលកំពុងមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍នោះទេ ។ ជាពិសេសកងកម្លាំងប្រដាប់អាវុធគឺជាកម្លាំងជួរមុខដ៏សំខាន់មួយក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩កាលពីថ្មីកន្លងទៅ ។ ដោយឡែករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកងកម្លាំង និងមន្រ្តីរាជការ និយាយជារួម និង និយាយដោយឡែក គឺកងកម្លាំងប្រដាប់អាវុធ ។ ឆ្លៀតឱកាសនោះផងដែរទៅអនាគត ក្រោមការដឹកនាំបន្តវេនរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងនៅតែបន្តប្រពៃណីដ៏ល្អនេះ ហើយរឹតតែខិតខំបន្ដថែមទៀត។
សូមបញ្ជាក់ថា ក្រៅពីអាវរងារ ឯកឧត្តម ហ៊ុន ម៉ានី ក៏បាននាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈមួយចំនួនជូនដល់អង្គភាពនានាផងដែរ ៕ ម៉ុន សំអាត