តុលាការ​​កំពូល​​ឥណ្ឌាបរាជ័យ​លើ​សាលក្រម​ជុំ​វិញ​​​​​បំរាម​​មិន​ឱ្យ​ពាក់ស្បៃរុំក្បាល​​ក្នុង​ថ្នាក់​រៀន

​ឥណ្ឌា៖ តុលាការ​កំពូល​របស់​ប្រទេស​ឥណ្ឌា​ បាន​បរាជ័យ​​​ក្នុង​ការ​ប្រកាស​សាល​ក្រមណា​មួយ​​ ជុំ​វិញ​ការ​សម្រេច​កុំ​ឱ្យ​​សិស្ស​មូស្លីម​ពាក់​ស្បៃ​រុំ​ក្បាល​ (ហ៊ីចាប​) នៅ​តាម​សាលារៀន​ និង​មហាវិទ្យាល័យ​ ដោយ​​ចៅ​ក្រម​២​រូប​ជំទាស់​គ្នា​ទៅ​វិញ​ទៅ​មក​។​

ចៅ​ក្រម​​ម្នាក់​​ដែល​​​តម្កល់​​ដីកា​​តុលាការ​​ជាន់​​ខ្ពស់​នៃ​រដ្ឋ​ Karnataka ​ចាប់តាំង​​​​ពី​​ខែ​​មីនា​ បាន​លើក​ឡើង​​​ថា​ ហ៊ីចាប​​មិន​​សំខាន់​​ចំពោះ​​សាសនា​​អ៊ិស្លាម​​នោះ​ទេ​។​ ​​ប៉ុន្តែ​ចៅ​ក្រម​មួយ​រូប​ទៀត​​ប្រកែក​ថា​ ​ដីកា​​របស់​​តុលាការ​​ជាន់​​ខ្ពស់​​​គឺ​​ខុស​ ​ហើយ​​ការ​​ពាក់​​ហ៊ីចាប​គឺ​ជា​ជម្រើស​។

​​​ពី​តំបូង​ឡើយ​ សាលក្រម​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ត្រូវ​គេ​​​​រំពឹង​​ថា​​នឹង​​បញ្ចប់​ការ​ដេញ​ដោយ​គ្នា​អស់​រយៈ​ពេល​ជាង​ ១០ ខែ​មក​នេះ​។ ប៉ុន្តែ​ការ​វិវឌ្ឍ​​ចុង​ក្រោយ​នេះ​ មាន​ន័យ​ថា​ ការ​ជជែក​ដេញ​ដោល​លើ​ហ៊ីចាប​នឹង​បន្ត​នៅ​ក្នុង​ចមណោម​​សាធារណជន ​និង​ប្រព័ន្ធ​តុលាការ​របស់​ឥណ្ឌា ​ដោយ​សារ​ចៅ​ក្រម​មិន​អាច​យល់​ស្រប​លើ​សេចក្តី​សម្រេច​នោះ​ ឥឡូវ​នេះ​ពួក​គេ​បាន​ស្នើ​សុំ​ឱ្យ​ប្រធានយុ​ត្តិធម៌​នៃ​ប្រទេស​ឥណ្ឌា​ យក​​​​បញ្ហា​នេះ​ទៅ​​ដោះ​ស្រាយ​នៅ​ស្ថាប័ន​ធំ​ជាងខ្លួន​​។ ​

ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​នៃ​តុលាការ​កំពូល​ លោក​ ​​Hemant Gupta ​ដែលជា​ចៅ​ក្រមមេ​​​ ដើម្បី​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ ត្រូវ​បាន​គេ​រំពឹង​ទុក​​ជា​មុន​យ៉ាង​ច្បាស់​ហើយ​​។​ ​ក្នុង​អំឡុង​​សវនាការកាល​ពី​ដើម​ខែ​កញ្ញា​ សម្ដី​​មួយ​ចំនួន​របស់​លោក​ត្រូវ​បាន​គេ​យក​ធ្វើ​ចុះ​ផ្សាយ​ក្នុង​ចំណង​ជើង​ធំ​​ៗ​ បន្ទាប់​ពី​​លោក​ប្រាប់​ទៅ​មេធាវី​ម្នាក់ ​ដែល​ការ​ពារ​សិទ្ធិ​​​​ពាក់​ហ៊ីចាប​ថា​៖ «​​​​​​យើង​​មិន​អាច​បញ្ចប់​ទៅ​ដោយ​គ្មាន​ហេតុ​ផល​នោះ​ទេ​។ ​បើ​​អ្នក​​និយាយ​​​ថា​​សិទ្ធិ​​ស្លៀក​ពាក់​​ជា​​សិទ្ធិ​​មូលដ្ឋាន​ នោះ​​សិទ្ធិ​ស្រាត​ក៏​​ក្លាយ​ជា​​​សិទ្ធិ​​មូលដ្ឋាន​​ដែរ​»​។​​

​ប៉ុន្តែ​​​​ចៅ​ក្រម​​ទី​២​ Sudhanshu Dhulia ​ថ្លែង​​ក្នុង​ដីកា​របស់​​លោក​ថា​ តុលាការ​ជាន់​ខ្ពស់​បាន​ដើរ​ផ្លូវ​ខុស​ដោយ​ផ្តោត​ថា​​ ហ៊ីចាប​​គឺ​ជា​ការ​អនុវត្ត​សាសនា​ដ៏​សំខាន់​ ហើយ​ថា​ការ​ពាក់​ហ៊ីចាប​​គឺ​ជា​​ជម្រើស​ គ្មាន​អ្វី​ច្រើន​​ពី​នេះ​នោះ​ទេ​។ ​

ជម្លោះ​ទាក់​ទាក់​ទង​នឹង​ការពាក់​​ ឬ​មិន​ពាក់​ហ៊ីចាប​ បាន​ផ្ទុះ​ឡើង​​ក្នុង​រដ្ឋ​​​ Karnataka ​ក្រោយ​ពេល​​​មហាវិទ្យាល័យ​​រដ្ឋ​​មួយ​ក្នុង​ស្រុក ​Udupi ​បាន​ហាម​មិន​ឱ្យនិស្សិត​ស្រី​ម៉ូស្លីម​ ៦ នាក់​ ពី​ការ​ពាក់​ហ៊ី​ចាប​ក្នុង​ថ្នាក់​រៀន​។ ​ប៉ុន្តែ​និស្សិត​ស្រី​ទាំង​នោះ​​ស្នើ​ថា​ ពួក​គេ​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ពាក់​ហ៊ីចាប​ក្នុង​ថ្នាក់​រៀន​ ដោយ​សារ​តែ​​មាន​គ្រូ​ជាបុរស​​២-៣ នាក់​ដែរ​។ ​

ក្រោយ​ការ​ស្នើ​សុំ​ប្រឆាំង​នឹង​បំរាម​នេះ​ និស្សិត​ហិណ្ឌូ​​ចាប់​ផ្តើម​​​ក្នុង​មហា​វិទ្យាល័យ​ ចាប់​ផ្ដើម​នាំ​គ្នា​ពាក់​កន្សែង​បង់​ក​​ពណ៌​ទឹក​ក្រូច​ ដែល​ជា​ពណ៌​​ទាក់​ទង​នឹង​សាសនា​ហិណ្ឌូ។ បន្ទាប់​ពី​នោះ​ទៀត​​ ​​ក្រុម​ស្តាំ​និយម​ទាំង​សង​​ខាង​​ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​បង្ក​ហេតុ​រៀង​ៗ​ខ្លួន​ ហើយ​លើស​ពី​នេះ​ ក្រុម​អ្នក​តវ៉ា​ពាក់​កន្សែង​រុំ​ក្បាល​​ហិណ្ឌូ​ ក៏​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​រដ្ឋ​ផ្សេង​ទៀត​ផង​ដែរ​។ ​​ដោយ​​ខ្លាច​​មាន​​អំពើ​​ហិង្សា​ រដ្ឋា​ភិបាល​​រដ្ឋ​ Karnataka ​បាន​​បិទ​​សាលា​​វិទ្យា​ល័យ​ និង​​មហា​វិទ្យាល័យ​​អស់​ជា​ច្រើន​ថ្ងៃ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​តវ៉ា​ស្ត្រី​មូស្លីម​​​​នៅ​តែ​ជំទាស់​នឹង​បំរាម​​ក្នុង​តុលាការ​ ដោយ​និយាយ​ថា​ វា​ជា​ការ​រើស​អើង​ ហើយ​​ប្រឆាំង​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សាសនា​របស់​ពួក​គេ​។​ ពួក​គេ​បាន​​អះ​អាង​ថា​ រដ្ឋ​ធម្មនុញ្ញ​របស់​​ឥណ្ឌា​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ពួក​គេ​ស្លៀក​ពាក់​តាម​ការ​​ពេញ​ចិត្ត​ ហើយ​ជំនឿ​របស់​ពួក​គេ​ តម្រូវ​ឱ្យ​ពួក​គេ​គ្រប​ក្បាល។

ប៉ុន្តែ​រដ្ឋា​ភិបាល​ឥណ្ឌា​បាន​ប្រកែក​ថា​ រដ្ឋ​​រៀង​ខ្លួន​មាន​​សិទ្ធិ​​កំណត់​ឯក​សណ្ឋាន​សាលា ​និង​មហា​វិទ្យា​ល័យ។​ ​តុលាការ​ជាន់​ខ្ពស់​រដ្ឋ​ Karnataka យល់​​ស្រប​​ថា​នឹង​ការ​លើក​ឡើង​នេះ​  ហើយ​ហាម​មិន​ឱ្យ​សិស្ស​ស្រី​ពាក់​ហ៊ីចាប​ចូល​រៀន​ ដែល​ធ្វើ​ឱ្យ​សិស្ស​មូស្លីម​ជា​ច្រើន​ទៅ​បាន​ទៅ​រៀន​ និង​ខាន​ប្រឡង​៕​ ដោយ​ ហួន ឌីណា

ads banner