ប្រធានាធិបតីទីម័រខាងកើត ត្រៀមបំពេញទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសកម្ពុជា (Video Inside)
ប្រធានាធិបតីទីម័រខាងកើត បណ្ឌិត ហូសេ រ៉ាមូស ហ័រតា (Jose Ramos-Horta) គ្រោងនឹង ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃស្អែកនេះហើយ ដែលក្នុងដំណើរទស្សនកិច្ចនោះ នឹងមានការចុះហត្ថលេខាទ្វេភាគីជាមួយ នឹងប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាផងទៀត។
យោងតាមក្រសួងការបរទេស ដំណើរបំពេញទស្សនកិច្ច តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រខ្មែរ នឹងមានរវាងពីថ្ងៃទី១៩ដល់២១តុលា។ បណ្ឌិត ហូសេ រ៉ាមូស ហ័រតា នឹង ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង។
ប្រធានាធិបតីទីម័រខាងកើត នឹងមានជំនួបដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ក្នុង ដំណើរទស្សនកិច្ចនោះ ប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជួបពិភាក្សាជាមួយសម្តេច តេជោហ៊ុនសែន និងមេដឹកនាំនៃប្រទេសទាំង នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថ លេខាលើឯកសារទ្វេភាគីសំខាន់ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងកន្រ្តកផ្កានៅទីព្រះបរមរូប«ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រក ម្ពុជា។
ក្នុងឱកាសស្នាក់នៅក្នុងរាជធានី, ប្រធានាធិបតីទីម័រខាងកើត នឹងទទួលការចូល ជួប សម្តែងការគួរសមរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង និងជា មេបញ្ជា ការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
បណ្ឌិត ហូសេ រ៉ាមូស ហ័រតា នឹងអញ្ជើញធ្វើបាឋកថាសាធារណៈ នៅសាកលវិទ្យាល័យល្បីៗ នៅរាជធានីភ្នំពេញ, ផ្តល់បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានក្នុងប្រទេស ក៏ដូចជា ថ្លែងសុន្ទរក ថានៅក្នុងវេទិកាកម្ពុជា-ទីម័រខាងកើតលើកទី១ ស្តីពីទេសចរណ៍ និងធុរកិច្ច ដើម្បីការអភិវឌ្ឍ និងសន្តិភាពប្រកបដោយចីរភាពផងដែរ។