សម្តេចតេជោ ហ៊ុន សែន ត្រៀមចុះពិនិត្យខេត្តរងនឹងទឹកជំនន់ចំនួន៥យប់និង៤ថ្ងៃ (Video Inside)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅថ្ងៃអង្គារិ៍ទី១៨តុលាថា សម្តេច នឹងប្រើពេល៥ថ្ងៃ៤យប់ នៅតាមខេត្តភាគពាយព្យប្រទេស ដើម្បីដោះស្រាយបញ្ហាដែលពល រដ្ឋកំពុងប្រឈមនឹងការលិចលង់ដំណាំដោយសារជំនន់ទឹកភ្លៀង។ ដំណើររបស់សម្តេចតេ ជោ គ្រោងនឹងធ្វើនៅតាមបណ្តាខេត្តដែលរងនឹងទឹកជំនន់ទាំងនោះ ក្រោយការបំពេញកាតព្វ កិច្ចជាតិជួបថ្នាក់ដឹកនាំនៃប្រទេសទីម័ររួចរាល់។
សម្តេចតេជោ សែនបានបញ្ជាក់លើទំព័រ ហ្វេសប៊ុកនៅថ្ងៃទី១៨ខែតុលាថា បន្ទាប់ពីទទួលប្រធានាធិបតីទីម័រឡេសថ្ងៃទី២០តុលា, សម្តេចនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍ សាត់ ដោយប្រើពេល៥ថ្ងៃ ៤យប់។ សម្តេចបានសរសេរបញ្ជាក់ថាដំណើរទៅលើកនេះសំខាន់ ដើម្បី «ជួបនិងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង»។ ដំណាំស្រូវ ដែលរងប៉ះពាល់ដោយសារទឹកជំនន់ក្នុងឆ្នាំ២០២២នេះ ត្រូវគេរាយការណ៍ ថាមានប្រមាណ ជាង២០ម៉ឺនហិកតា។
នៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ សម្តេចតេជោ នឹងអញ្ជើញចែក ស្រូវ ពូជជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់, និងដោយឡែកនៅក្នុងខេត្តសៀមរាប សម្តេច នឹងជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់អង្គរថែមទៀត។
សម្តេចតេជោហ៊ុនសែន កាលពីថ្ងៃច័ន្ទ បានដាក់បញ្ជាដល់រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីនិងមន្ត្រី ពាក់ព័ន្ធត្រូវចាត់វិធានការភ្លាមនិងជាបន្ទាន់ជួយពលរដ្ឋដែលរងគ្រោះនឹងទឹកជំនន់។ ពាក់ព័ន្ធ នឹងការយកចិត្តទុកដាក់ដល់ពលរដ្ឋដែលរងនឹងវិបត្តិសេដ្ឋកិច្ចដោយសារទឹកជំនន់ សម្តេច បានអំពាវនាវដល់ធនាគារនិងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុសូមជួយផ្តល់នូវ ការអនុគ្រោះដល់ អ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ។ សម្តេចបានស្នើឱ្យ ជួយពន្យាពេលនូវការ សង, បន្ធូរបន្ថយការប្រាក់ ឬការរៀបចំឥណទានសាឡើងវិញ ។
សម្តេចតេជោហ៊ុនសែនបានថ្លែងថាការរឹបអូសយកដីធ្លីឬផ្ទះសម្បែងពលរដ្ឋណាមួយដោយ ផ្អែកលើកិច្ចសន្យាដើមសងនិងជំពាក់នោះ គឺមិនគួរនឹងធ្វើឡើងឡើយ។ សម្តេចបានប្រាប់ដល់ ធនាគារនិងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុមេត្តាយោគយល់ដល់ពលរដ្ឋដែលរងនឹងវិបត្តិសេដ្ឋកិច្ច ដោយសារបញ្ហាជំនន់ទឹកភ្លៀងនោះ។