តួលេខភ្ញៀវទេសចរកើនឡើង (Video Inside)
តួលេខភ្ញៀវទេសចរបានកើនឡើងខ្លាំងក្នុងសប្តាហ៍កន្លងមកនេះ។ យោងតាមក្រសួងទេសចរណ៍ក្នុងមួយសប្តាហ៍គិតចាប់តាំងពីថ្ងៃទី១០ដល់១៦តុលា តួលេខទេសចរណ៍ មានចំនួន ៩៣ម៉ឺន៨ពាន់៩២៨នាក់ ដែលកើនឡើង១៥០.៤៥% ប្រៀបធៀបនឹងសប្តាហ៍កន្លង មក។ ក្នុង តួលេខភ្ញៀវទេសចរណ៍ជិត៩៤ម៉ឺននាក់នោះ រួមមានភ្ញៀវជាតិចំនួន៩១ម៉ឺន៤ពាន់៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន២ម៉ឺន៤ពាន់៣៨៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួម មានខេត្តកំពង់ចាមចំនួន៤០ម៉ឺន១ពាន់៩២៩នាក់, ខេត្តព្រះសីហនុ ១៣ម៉ឺន៩ពាន់៥៩១នាក់, ខេត្តបាត់ដំបង ១៣ម៉ឺន៥ពាន់៨៩៩នាក់,ខេត្តព្រៃវែង ៦ម៉ឺន៨ពាន់៥២៥នាក់,ខេត្តពោធិ៍សាត់ ៥ម៉ឺន៩ពាន់៨៤៥នាក់,ខេត្តសៀមរាប ២ម៉ឺន៧ពាន់៨២២នាក់,ខេត្តកំពត ២ម៉ឺន៣ពាន់២៤៦ នាក់។
ក្រសួងទេសចរណ៍ថ្លែងថាកំណើនភ្ញៀវកាន់តែកើនឡើងនេះ គឺដោយសារខេត្តមួយ ចំនួនដូចជាខេត្តកំពង់ចាម, ព្រៃវែង និងពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនចូល រួមកំសាន្ត។
ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើនក្នុង រយៈពេល២សប្តាហ៍ជាប់គ្នា បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែ ចាប់ពីថ្ងៃទី១ដល់៣១ ខែតុលា។
បណ្តាខេត្តផ្សេងទៀតដែលនៅជាប់បណ្តោយដងទន្លេបាននិងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕