កម្ពុជា និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១៥ លានដុល្លារ (Video Inside)
កម្ពុជា-ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ប្រមាណ ១៥លាន៥សែនដុល្លារ សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល នៅកម្ពុជា។
កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងប្រធានផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ីលោកស្រី ម៉ាទីណា ខុច Martina Koch និង លោកវេជ្ជបណ្ឌិត ម៉ាធៀស ណាស្ហណេបែល Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាពនិងគាំពារសង្គមប្រ ចាំតំបន់អាស៊ីនៃធនាគារអភិវឌ្ឍន៍ KFW នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
យោងតាម កិច្ចព្រមព្រៀង, ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ៣ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអាល្លឺម៉ង់ ដែលបានអនុម័តគម្រោងនេះ និងបានវាយ តម្លៃថា គម្រោងដែលបានចុះហត្ថលេខានេះ បានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងវិស័យសុខាភិបាល ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជ រដ្ឋាភិបាលកម្ពុជា។
ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការប្រមាណ ៨៣៨ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណង ចំនួន ៧៦៨ លានដុល្លារអាមេរិក និង ឥណទានសម្បទានចំនួន ៧០ លានដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា៕