អ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ក្នុងការពិភាក្សាជាមួយអ៊ុយក្រែន ពាក់ព័ន្ធនឹងការចោទប្រកាន់ផ្គត់ផ្គង់យន្តហោះដ្រូនអត្តឃាតដល់រុស្ស៊ី

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានលើកឡើងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ី នូវយន្តហោះដ្រូនអត្តឃាត ដែលប្រើវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសឺ ខាណាអានី បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ២០២២។ ទន្ទឹមគ្នា លោកបានច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែននាពេលថ្មីៗនេះ ដោយហៅវាថា ការអះអាងដោយគ្មានមូលដ្ឋាន ដែលត្រូវបានធ្វើឡើងដោយផ្អែកលើព័ត៌មានមិនពិត និងការសន្មត់ដ៏គួរឱ្យសង្ស័យ ហើយថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ក្នុងការជួបពិភាក្សាជាមួយអ៊ុយក្រែន ដើម្បីលុបបំបាត់ការចោទប្រកាន់នេះ។

ដោយឡែកអ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក វេដិន ផាថែល នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារសប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភអំពីទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីរ៉ង់។ លោក វេដិន បាននិយាយយ៉ាងដូច្នេះថា រុស្ស៊ីបានធ្វើឱ្យមានសម្ព័ន្ធភាពកាន់តែស៊ីជម្រៅជាមួយអ៊ីរ៉ង់ គឺជាអ្វីដែលពិភពលោកទាំងមូល ជាពិសេសអ្នកនៅក្នុងតំបន់ គួរតែចាត់ទុកជាការគំរាមកំហែងយ៉ាងជ្រាលជ្រៅ។

លោក វេដិន ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនឹងបន្តចាត់វិធានការជាក់ស្តែង ដើម្បីធ្វើឱ្យការលក់អាវុធរបស់អ៊ីរ៉ង់កាន់តែពិបាក ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងលើការនាំចេញជាដើម៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner