តុលាការបិទបញ្ចប់និតិវិធីសួរដេញដោលលោក កឹម សុខា (Video Inside)
តុលាការបានបិទបញ្ចប់នីតិវិធីសួរដេញដោលលោក កឹម សុខា លើបទចោទ «សន្ទិដ្ឋិភាពជា មួយរដ្ឋបរទេស» ហើយ។ សេចក្តីសម្រេចធ្វើសេចក្តីសន្និដ្ឋានរបស់តុលាការនឹងធ្វើនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ។
មន្ត្រីតុលាការបានថ្លែងថា ក្រោយសវនាការសួរដេញដោលលោក កឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ ចំនួន ៦១លើករួចមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែតុលាឆ្នាំ២០២២ បានបិទបញ្ចប់ការសួរដេញដោលទៅលើបទចោទ «សន្ទិដ្ឋិភាព ឬអំពើ ត្រូវរ៉ូវ ជាមួយរដ្ឋបរទេស» ហើយសម្រេចធ្វើសេចក្តីសន្និដ្ឋាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
លោក កឹម សុខា ត្រូវបានសាកសួរដេញដោលពាក់ព័ន្ធទៅនឹងការឃុបឃិត ជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងសវនាការចាប់តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ ។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការនេះ រួមមានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក សេង លាង ចៅក្រមប្រឹក្សា, លោក ធាម ច័ន្ទពិសិដ្ឋ ចៅ ក្រមប្រឹក្សា និងនៅមានលោកប្លង់ សុផល , លោកឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការថែមទៀត ។
មន្ត្រីតុលាការបានបញ្ជាក់ថា សេចក្តីសន្និដ្ឋានគ្រប់ភាគី នឹងធ្វើឡើងមុនពេលប្រកាសសាល ក្រមនៅពេលខាងមុខនេះ ហើយបន្ទាប់មកតុលាការ នឹងកំណត់កាលបរិច្ឆេទប្រកាសសាល ក្រមនៅវេលាពេលក្រោយ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការ ប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយ ត្រូវបានឃុំខ្លួនមួយរយៈពេលប្រមាណជាង១ឆ្នាំនៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ អយ្យការអមសាលាដំបូងភ្នំពេញ បានចោទប្រកាន់លោកពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ខណៈដែលគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។