លោកម៉ាក្រុង ជូនពរអង់គ្លេសឆាប់មានស្ថិរភាពវិញក្រោយលោកស្រីត្រាស្ស លាលែងពីតំណែង
បារាំង៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី លីហ្ស ត្រាស្ស នៅថ្ងៃព្រហស្បតិ៍ ទី២០ តុលា បានប្រកាសលាលែងពីតំណែង បន្ទាប់ពីចូលកាន់អំណាចបានត្រឹមតែប្រាំមួយសប្តាហ៍ប៉ុណ្ណោះ។ បន្តិចក្រោយមក ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានជូនពរឱ្យចក្រភពអង់គ្លេសវិលត្រឡប់ទៅរកស្ថិរភាពយ៉ាងឆាប់រហ័សវិញ ក្រោយការលាលែងតំណែងរបស់លោកស្រី ត្រាស្ស នេះ។
ក្រោយឡើងកាន់តំណែងបាន ៤៤ថ្ងៃ កៅអីជានាយករដ្ឋមន្ត្រីអង់គ្លេសរបស់លោកស្រី ត្រាស្ស បានរង្គោះរង្គើ ដោយសារតែភាពវឹកវរផ្នែកនយោបាយ និងសេដ្ឋកិច្ច។
«ខ្ញុំទទួលស្គាល់ថា ដោយសារតែកាលៈទេសៈតម្រូវ ខ្ញុំមិនអាចនៅកាន់តំណែងឱ្យគ្រប់អាណត្តិដែលខ្ញុំត្រូវបានជ្រើសរើសដោយគណបក្សអភិរក្សនិយមឡើយ។ ដូច្នេះ ខ្ញុំបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីជូនដំណឹងដល់ព្រះអង្គថា ខ្ញុំកំពុងលាលែងពីតំណែងជាប្រធានបក្សអភិរក្សនិយម»។ នេះ គឺជាការលើកឡើងរបស់លោកស្រី ត្រាស្ស។
លោកស្រី បានឱ្យដឹងទៀតថា បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី នឹងត្រូវបោះឆ្នោតជ្រើសរើសនៅចុងសប្តាហ៍ក្រោយ។ ហើយលោកស្រី នឹងនៅបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី រហូតទាល់តែគេអាចជ្រើសរើសអ្នកស្នងតំណែងរបស់លោកស្រីបាន។
ភ្លាមៗក្រោយពីបានស្តាប់ឮការប្រកាសលាលែងចេញពីតំណែងរបស់លោកស្រី លីហ្ស ត្រាស្ស លោកប្រមុខរដ្ឋបារាំង ម៉ាក្រុង បានចេញមុខជូនពរប្រទេសអង់គ្លេសឱ្យវិលត្រឡប់ទៅរកស្ថិរភាពវិញយ៉ាងឆាប់រហ័ស។
នៅពេលទៅដល់កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប លោក ម៉ាក្រុង បាននិយាយថា លោកនឹងមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់អំពីនយោបាយក្នុងស្រុករបស់អង់គ្លេស។ ប៉ុន្តែ លោកថា៖ «វាសំខាន់ណាស់ដែលចក្រភពអង់គ្លេស ទទួលបានស្ថិរភាពនយោបាយឡើងវិញយ៉ាងឆាប់រហ័ស ហើយនោះជាអ្វីដែលខ្ញុំប្រាថ្នា»។
គួររំឭកថា លោកស្រី លីហ្ស ត្រាស្ស បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែកញ្ញាកន្លងទៅ និងបានប្រកាសលាលែងចេញពីតំណែងវិញនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២។ លោកស្រី នឹងក្លាយជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងខ្លីបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយអង់គ្លេស៕
ដោយ៖លី លីយ៉ា
ប្រភពព័ត៌មាន៖