កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ការពារទិន្នន័យឯកជន ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ប្រតិបត្តិករ
ភ្នំពេញ៖ ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ប្រតិបត្តិករ និងគោលការណ៍នៃការប្រកួតប្រជែងដោយស្មើភាព ស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋ និងប្រតិបត្តិករ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពជា កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន និងច្បាប់ថ្មីទាក់ទងនឹងបច្ចេកវិទ្យា ព័ត៌មាន ព្រមទាំងគមនាគមន៍ផងដែរ។
ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មាន CPA កាលពីសប្តាហ៍មុនថាការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជនគឺអនុលោមទៅតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
រដ្ឋាភិបាលកម្ពជា បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយថ្មីនេះ ក្នុងគោលដៅចាប់និងទាញយកផលប្រយោជន៍អតិបរមាពីវិស័យឌីជីថល ដើម្បីផ្លាស់ប្តូរប្រទេសទៅជាសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក។ វិស័យឌីជីថលនេះ បានក្លាយជាវិស័យស្នូលមួយនៅកម្ពុជាក្នុងអំឡុងនៃវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ១៩។
ការកសាងសេដ្ឋកិច្ចឌីជីថល គឺជាប្រភពនៃកំណើនសេដ្ឋកិច្ចថ្មីដែលនឹងបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ទន្ទឹមនឹងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ហើយយុទ្ធសាស្ត្រនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រមួយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ក្នុងការជំរុញនិងជួយសង្គ្រោះសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីជំងឺកូវីដ។
តាមឯកឧត្តម សូ វិសុទ្ធី ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន ទំនងជាត្រូវការពេលយូរ ដើម្បីធ្វើឱ្យប្រាកដថា វាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងធានានូវសិទ្ធិរបស់អ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តចំពោះអ្នកវិនិយោគដែលមានសក្តានុពល។
លោករដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានឱ្យដឹងទៀតថា នាខណៈពេលនេះ ក្រុមការងាររបស់ក្រសួង កំពុងរៀបចំធ្វើសេចក្តីច្បាប់ស្តីអំពីការពារទិន្នន័យផ្ទាល់ខ្លួន។
ចំពោះការបង្កើតលិខិតគតិយុត្តថ្មីនេះ ក្រសួងនឹងអញ្ជើញភាគីឬស្ថាប័នពាក់ព័ន្ធ មកពិគ្រោះប្រឹក្សាយោបល់ ហើយក្នុងនោះអង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ក៏អាចនឹងត្រូវអញ្ជើញ ដើម្បីចូលមកពិគ្រោះយោបល់ក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីអំពីការពារទិន្នន័យផ្ទាល់ខ្លួននេះផងដែរ។
ទាក់ទងរឿងនេះ នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃនេះ ប្រឈមមុខច្រើនទៅនឹងបញ្ហាទាក់ទងនឹងព័ត៌មានឯកជនភាព។ ហេតុដូចនេះ លោកយល់ថាវាជាពេលវេលាសមស្របហើយ ដែលត្រូវមានច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនដើម្បីការពារប្រជាពលរដ្ឋ។
លោកនាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងទៀតថា៖ « ខ្ញុំសាទរដែលបានឮថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អាចនឹងបើកឲ្យមានការចូលរួមនិងទទួលយកធាតុចូលពីអង្គការសង្កមស៊ីវិល»។
សម្រាប់លោក ប៉ា ចន្ទរឿន ដើម្បីឱ្យច្បាប់មួយក្លាយជាច្បាប់ដែលសម្តែងពីឆន្ទៈពិតប្រាកដក្នុងការបម្រើប្រជាពលរដ្ឋ ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយនៅក្នុងនោះក៏មានអង្គការសង្គមស៊ីវិលដែលជាអ្នកធ្វើកិច្ចការរឿងសិទ្ធិឌីជីថល និងសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
បន្ថែមលើនេះ អ្នកធ្វើកិច្ចការងារផ្នែកប្រជាធិបតេយ្យនិងសិទ្ធិឌីជីថលរូបនេះ ក៏មិនភ្លេចរំលេចដែរពីបទពិសោធន៍ទាក់ទងនឹងការធ្វើសេចក្តីព្រាងច្បាប់មុនៗ ដែលក្រសួងមិនបានផ្តល់ឱកាសឲ្យភាគីពាក់ព័ន្ធ មានទាំងអង្គការសង្គមស៊ីវិល ឬវិស័យឯកជនចូលរួម។ ជាលទ្ធផល លោកថាវាធ្វើឲ្យច្បាប់ដែលចេញមកដាក់ឱ្យអនុវត្តមានភាពប្រទាញប្រទង់ មានការតវ៉ា មានការស្នើសុំឲ្យលុបចោល ពន្យារពេល និងកែតម្រូវ។
ដូច្នោះហើយ លោក ប៉ា ចន្ទរឿន និយាយថា៖ «ដកស្រង់ពីមេរៀនអតីតកាល ដើម្បីឲ្យច្បាប់មួយឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ទាល់តែក្រសួងផ្តល់ឱកាស ផ្តល់សំឡេង ហើយស្តាប់ពីកង្វល់ និងការផ្តល់អនុសាសន៍ពីអ្នកចូលរួម និងត្រូវសម្រិតសម្រាំងច្បាប់នោះ ទើបពេលដាក់ច្បាប់ចេញមក ទាំងអស់គ្នាអាចទទួលយក និងអនុវត្តបាន»៕
ដោយ៖លី លីយ៉ា