ខ្ទឹមបារាំង ជាបន្លែពេញនិយម និងអាចព្យាបាលរោគជំងឺច្រើនមុខ
ភ្នំពេញ៖ ខ្ទឹមបារាំង(onion)ត្រូវបានមនុស្សសម័យបុរាណបានស្គាល់ យកមកធ្វើជាអាហារនិងប្រើជាឱសថព្យាបាលរោគជំងឺយូរលង់មកហើយ ។ បើតាមឯកសារស្រាវជ្រាវជាច្រើនបង្ហាញថាបន្លែមួយប្រភេទនេះ ត្រូវបានគេប្រើជាឱសថធម្មជាតិសំរាប់ជំងឺទូទៅ ដូចជា ប៉ូវកម្លាំង ដំបៅ ឈឺក្បាល និងជំងឺបេះដូងជាដើម។
តាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖រុក្ខជាតិប្រភេទនេះមានកម្ពស់២០-៣០សង់ទីម៉ែត្រ មើមរាងដុំមូលជួនកាលសំប៉ែតបន្តិច (cylindric or applanate-globose) ជាស្រទាប់គ្របដណ្តប់លើគ្នា ស្រទាប់មួយៗគឺជាផ្នែកក្រោមនៃស្លឹកហើយក្រាសពណ៌សមានទឹកច្រើន ស្រទាប់មើមខាងក្រៅស្ងួតស្តើងពណ៌ត្នោត។
ស្លឹកពណ៌បៃតង ប្រហោងពីគល់រហូតដល់ចុងគ្រប់លើគ្នា នៅគល់មានស្ទប (leaf shteath) រុំពីក្រៅ។ ចុងតួដើមជាគោលទម្រផ្កា (scape) ប្រហោងផ្កាច្រើន ហើយផ្តុំជាកញ្ចុំមូល (terminal umbel globose) នៅចុងតម្រ។ ផ្កាមានបរិបុប្ផា (perianth) ត្របក និងស្រទាប់ផ្កាដូចគ្នា ពណ៌ស ឬផ្កាឈូក។ កេសរឈ្មោលពណ៌លឿង មានទងវែងជាងបរិបុប្ផាហើយលៀនចេញក្រៅផ្កា (stamen exserted)។
ក្នុងមួយដើមមានទម្រផ្កាតែមួយ។ មើមមានរសជាតិហឹរ ជាតិទឹកច្រើន និងក្លិនឈួលខ្លាំង។ ច្រើនចេញផ្កានៅខែមិថុនា-កក្កដា និងបន្តពូជដោយគ្រាប់នឹងមើម។ ដុះលើដីខ្សាច់តំបន់ត្រជាក់ នៅកម្ពុជាក៏ឃើញមានការដាំដុះតិចតួចផងដែរ។
ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
គ្រឿងទេស ជាគ្រឿងផ្សំសម្រាប់កាត់ក្លិនឆ្អាប និងធ្វើជាបន្លែ។ ឱសថ មើមបរើសម្រាប់ប៉ូវកម្លាំង ព្យាបាលសរសៃប្រសាទ ឈឺទ្រូង ផ្តាសាយ កើតបូស សត្វល្អិតទិច ឈឺមួយចំហៀងក្បាល និងទឹកនោមផ្អែម ៕ ដោយ៖ម៉ាដេប៉ូ