លោក ពូទីន ៖ ផលិតផលកសិកម្មដែលអ៊ុយក្រែននាំចេញ ភាគច្រើនមិនបានដល់ដៃប្រទេសក្រីក្រដែលត្រូវការបន្ទាន់ទេ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងថ្ងៃចន្ទទី៣១ ខែតុលាថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិរវាងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់សម្រេចបាននូវគោលដៅ ដែលបានបញ្ជាក់របស់ខ្លួននោះទេ ដោយលោកបានចោទប្រកាន់ថា ភាគច្រើននៃផលិតផលកសិកម្មរបស់អ៊ុយក្រែន ដែលត្រូវបាននាំចេញក្រោមកិច្ចព្រមព្រៀងនេះ មិនបានទៅដល់ប្រទេសក្រីក្រនោះទេ ។

លោក ពូទីន បាននិយាយថា រុស្ស៊ីកំពុងផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ប៉ុន្តែមិនបានដកខ្លួនទាំងស្រុងពីវានោះទេ។ កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើង ដើម្បីធានាផលប្រយោជន៍ដល់ប្រទេសក្រីក្រ ដោយលោកបានបន្ថែមថា យោងតាមការស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី រចនាសម្ព័ន្ធពិតនៃការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន គឺខុសគ្នាយ៉ាងខ្លាំង។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យើងបានយល់ព្រមចំពោះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិយ៉ាងជាក់លាក់ សម្រាប់ជាផលប្រយោជន៍នៃប្រទេសក្រីក្រ។ សរុបមក វាហាក់បីដូចជា ៣៤% នៃគ្រាប់ធញ្ញជាតិអ៊ុយក្រែន បានធ្លាក់ទៅលើប្រទេសតួកគី និង ៣៥% ឬច្រើនជាងនេះ ធ្លាក់ទៅលើប្រទេសសហភាពអឺរ៉ុប ហើយមានតែពី ៣ ទៅ ៤ ឬ ៥%ប៉ុណ្ណោះ បានទៅលើប្រទេសក្រីក្រ។ នេះបើយោងតាមក្រសួងកសិកម្មរបស់យើង។

ការអត្ថាធិប្បាយបែបនេះរបស់លោក ពូទីន កើតឡើងនៅពេលដែលយោធារុស្ស៊ីបានបិទច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ដែលប្រើសម្រាប់នាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីខែកក្កដាកន្លងទៅ៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner