សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះ ជាខួប១ឆ្នាំ នៃការបើកប្រទេសឡើងវិញ បន្ទាប់ពីបិទខ្ទប់ ដោយសារកូវីដ១៩
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ថ្ងៃទី១ ខែវិច្ឆិកានេះ គឺជាខួប ១ឆ្នាំនៃការបើកប្រទេសឡើងវិញ បន្ទាប់ពីបិទខ្ទប់ដោយសារតែ covid 19 ដែលធ្វើឲ្យសេដ្ឋកិច្ចយើងចាប់ផ្តើមងើបឡើងវិញ។
ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពបន្ទាប់ពីកម្ពុជាបានចាត់វិធានការទប់ស្កាត់កូវីដ១៩បាន ព្រមទាំងចាក់វ៉ាក់សាំងជូនពលរដ្ឋ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានចូលរួមគោរពវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលកន្លងទៅ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា ភ័ព្វសំណាងមួយដែលកូវីដ ១៩ កើតក្រោយប្រព័ន្ធអនឡាញឌីជីថល។ ប្រសិនបើ covid កើតមុនប្រព័ន្ធ digital online នោះ យើងមិនអាចធ្វើការជួបប្រជ៉ំ ឬក៏អត់បានសិក្សាតាមរយៈអនឡាញបានទេ។
ទោះយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា រហូតដល់ពេលនេះ អ្នកកើតកូវីដ១៩ ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យមានតែ ៣នាក់ប៉ុណ្ណោះ ដោយស្ថានភាពពួកគេធម្មតា អាចមកពីពួកគាត់មិនមានកន្លែងសំរាកគ្រប់គ្រាន់នៅផ្ទះទើបសំរាកនៅពេទ្យ៕ ដោយ ៖ វណ្ណលុក


