សេតវិមានចោទ កូរ៉េ ខាង ជើងថា ផ្គត់ផ្គង់ គ្រាប់កាំភ្លើង ធំ ឱ្យរុស្ស៊ី
អាមេរិក :អ្នកនាំពាក្យសេតវិមានលោក ចន ឃឺរប៊ី បានអះអាងកាលពីថ្ងៃពុធ ទី ០២ ខែវិច្ឆិកាថា សហរដ្ឋអាមេរិកមានព័ត៌មានដែលបង្ហាញថា ប្រទេសកូរ៉េខាងជើង កំពុងផ្គត់ផ្គង់រុស្ស៊ីនូវគ្រាប់កាំភ្លើងធំដោយសម្ងាត់ ដើម្បីយកទៅប្រើប្រាស់នៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។
មន្រ្តីសហរដ្ឋអាមេរិករូបនេះ បានបន្តថា កូរ៉េខាងជើងកំពុងព្យាយាមបិទបាំងការនាំចេញ ដោយបញ្ជូនគ្រាប់ទាំងនោះឆ្លងកាត់ប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ហើយថា ទីក្រុងវ៉ាស៊ីនតោននឹងពិគ្រោះជាមួយអង្គការសហប្រជាជាតិលើបញ្ហាគណនេយ្យភាពលើការដឹកជញ្ជូន។
ទោះបីជាបដិសេធមិនបញ្ចេញព័ត៌មានលម្អិតក៏ដោយ លោក ឃឺរប៊ី បានថ្លែងថា៖ «យើងដឹងអំពីកន្លែងដែលពួកគេនឹងបញ្ជូនគ្រាប់ទាំងនោះទៅ» ហើយសហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងពីជម្រើសដែលអាចធ្វើទៅបាន។
បន្ថែមពីលើនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ផ្រាសយ៍ បានស្នើឡើងក្នុងសន្និសីទសារព័ត៌មានមួយផ្សេងទៀតថា ការដាក់ទណ្ឌកម្មគឺស្ថិតក្នុងចំណោមជម្រើសដែលមាន ដូចករណីដែលអ៊ីរ៉ង់ផ្តល់អាវុធដល់រុស្ស៊ី។
លោក ផ្រាសយ៍ គូសបញ្ចាក់ថា៖ «ដូចដែលយើងប្រើគ្រប់វិធីដើម្បីប្រឆាំងនឹងការផ្តល់អាវុធទៅរុស្ស៊ីរបស់អ៊ីរ៉ង់ យើងនឹងធ្វើដូចគ្នានៅពេលនិយាយអំពីការផ្តល់អាវុធដល់រុស្ស៊ីរបស់កូរ៉េខាងជើង»។
កាលពីខែកញ្ញា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ៊ីរ៉ង់ ដែលខ្លួនបានចោទប្រកាន់ថាបានសម្របសម្រួលជើងហោះហើរយោធា ដើម្បីដឹកជញ្ជូនដ្រូនអ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី និងក្រុមហ៊ុនចំនួន៣ផ្សេងទៀត ដែលពាក់ព័ន្ធនឹងការផលិតដ្រូនអ៊ីរ៉ង់។
ជុំវិញព័ត៌មានចុងក្រោយទាក់ទងនឹងកូរ៉េខាងជើង លោក ឃឺរប៊ី បានថ្លែងថា បរិមាណគ្រាប់ផ្លោងជាហានិភ័យ ប៉ុន្តែទំនងជាមិនផ្លាស់ប្តូរសន្ទុះ ឬលទ្ធផលនៃសង្រ្គាមនោះទេ យ៉ាងណាមិញ វានៅតែអាចជាគ្រោះថ្នាក់ដល់ជនជាតិអ៊ុយក្រែន។
មន្រ្តីនាំពាក្យដដែលបានលើកឡើងថា ការនាំចេញរបស់កូរ៉េខាងជើង គឺជាសញ្ញាមួយមិនត្រឹមតែបង្ហាញពីឆន្ទៈរបស់ទីក្រុងព្យុងយ៉ាង ក្នុងការគាំទ្រដល់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីកង្វះខាតអាវុធរបស់ទីក្រុងម៉ូស្គូ ដែលបណ្ដាលមកពីការដាក់ទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ ដឹកនាំដោយសហរដ្ឋអាមេរិក។
ទោះយ៉ាងណាក៏ដោយ នេះមែនមែនជារឿងទេ ដែលកូរ៉េខាងជើងរងការចោទប្រកាន់ចំពោះការផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី។ កាលពីខែកញ្ញា កូរ៉េខាងជើងធ្លាប់បានច្រានចោលរួចម្ដងហើយថា ខ្លួនមិនដែលផ្គត់ផ្គង់សព្វាវុធ ឬគ្រឿងផ្ទុះដល់រុស្ស៊ីនោះទេ ហើយក៏គ្មានគម្រោងធ្វើដូច្នេះដែរ។ កូរ៉េខាងជើងកាលនោះ ថែមទាំងបានព្រមានឱ្យសហរដ្ឋអាមេរិកបិទមាត់ ហើយបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដែលមានបំណងធ្វើឱ្យខូចមុខមាត់ប្រទេសរបស់ខ្លួន៕ ដោយ ហួន ឌីណា
ប្រភព៖ White House says North Korea supplying Russia with artillery shells