រុស្ស៊ីចូលរួមកិច្ចព្រមព្រៀង នាំ ចេញគ្រាប់ធញ្ញជាតិ អ៊ុយក្រែន ជាថ្មី
រុស្ស៊ី :ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ទី០២ ខែវិច្ឆិកា បានបានចូលរួមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រជាថ្មីបន្ទាប់ពីមានការចោទប្រកាន់ថា រុស្ស៊ីយកស្បៀងធ្វើអាវុធ ប៉ុន្តែលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានក្រុងម៉ូស្គូអាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងម្ដងទៀត។
ការបន្តកិច្ចព្រមព្រៀងរបស់រុស្ស៊ីនេះ ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភលើអសន្តិសុខស្បៀងសកល និងខណៈដែលក្រុងវ៉ាស៊ីនតោន បានលើកឡើងពីលទ្ធភាពដែលរុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិកនៅអ៊ុយក្រែនផងដែរ។
កាលពីថ្ងៃសៅរ៍ រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិជាបណ្ដោះអាសន្ន ដែលធ្វើឱ្យមានការរអាក់រអួលដល់ការនាំចេញផលិតផលកសិកម្មអ៊ុយក្រែន ទៅកាន់ទីផ្សារពិភពលោក។ ការដកខ្លួន ត្រូវបានរុស្ស៊ីលើកឡើងថា អ៊ុយក្រែនប្រើប្រាស់ច្រករបៀងដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ដែលបង្កើតឡើងកិច្ចព្រមព្រៀង ដើម្បីបើកការវាយប្រហារដោយដ្រូនលើកងនាវាសមុទ្រខ្មៅរបស់ខ្លួន។
ប៉ុន្តែនៅថ្ងៃពុធនេះ ក្រសួងការពារជាតិរុស្ស៊ីប្រកាសពីការត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងវិញ ដោយហេតុថា ខ្លួនទទួលបានការធានាគ្រប់គ្រាន់ពីអ៊ុយក្រែន ថានឹងមិនយកច្រករបៀងដឹកជញ្ជូនផលិតផលស្បៀងដើម្បីវាយប្រហាររុស្ស៊ីទៀតទេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញូវ ហ្គូតទែរ៉េស បានស្វាគមន៍ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការបន្តកិច្ចព្រមព្រៀងដែលសម្រេចឡើងនៅខែកក្កដា និងសម្របសម្រួលដោយអ.ស.ប. និងតួកគី។
ទោះជាយ៉ាងណាក៏ដោយ លោក ពូទីន បានថ្លែងថា រុស្ស៊ីអាចបោះបង់ចោលកិច្ចព្រមព្រៀងម្តងទៀត ប្រសិនបើអ៊ុយក្រែនបំពានលើការធានារបស់ខ្លួន។ មុននោះ រុស្ស៊ីបានព្រមានថា ច្រករបៀងដឹកជញ្ជូនមានគ្រោះថ្នាក់ណាស់បើគ្មានការចូលរួមរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងនេះ ប៉ុន្តែការដឹកជញ្ជូនមួយចំនួនពីអ៊ុយក្រែន នៅតែដំណើរការនៅថ្ងៃចន្ទ និងថ្ងៃអង្គារ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ នឹងផុតកំណត់នៅថ្ងៃទី ១៨ ខែនេះ ប៉ុន្តែអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrei Rudenko បានថ្លែងថា ទីក្រុងម៉ូស្គូមិនទាន់សម្រេចចិត្តថាតើខ្លួននឹងនៅតែជាផ្នែកនៃកិច្ចព្រមព្រៀងបន្ទាប់ពីអស់សុពលភាពនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេដ ផ្រាសយ៍ បានអំពាវនាវកាលពីថ្ងៃពុធជាមួយគ្នានេះ ឱ្យមានការបន្តកិច្ច ដែលនឹងអាចធ្វើឱ្យទីផ្សារស្បៀងពិភពលោកមានស្ថិរភាព ហើយតម្លៃស្បៀងក៏ថយចុះ៕
ដោយ:ហួន ឌីណា
ប្រភព៖ Russia rejoins deal to ship vital Ukraine grain exports