លោក ពៅ ស៊ីថា៖ រំពឹងថា អត្តពលិក កីឡាអត្តពលកម្ម នឹងអាចឈ្នះមេដាយពីស៊ីហ្គេម ២០២៣
ភ្នំពេញ៖ លោក ពៅ ស៊ីថា គ្រូបង្វឹកកីឡាអត្តពលកម្ម វិញ្ញាសារត់មធ្យម បានអះអាងថា ឆ្លងកាត់ការហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន សិទ្ធផលកីឡាករ កីឡាការិនី មានការកើនឡើងទាំងកម្លាំង និងបច្ចេកទេសគួរអោយកត់សំគាល់ នេះគឺជាក្តីរំពឹងអាចនឹងឈ្នះមេដាយ ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ» ។
លោក ពៅ ស៊ីថា បន្តថា ចំពោះកីឡាអត្តពលកម្ម លើវិញ្ញាសារត់មធ្យម គឺសហព័ន្ធកីឡាអត្តពលកម្ម បានបញ្ជូនកីឡាករ កីឡាការិនី៤រូប មានកីឡាការិនី កាន់ ស្រីរ័ត្ន រត់ ៨០០ម៉ែត្រ, ឈុន ប៊ុនថន រត់ ៨០០ម៉ែត្រ , ផាត សុភុត រត់ ១៥០០ម៉ែត្រ, កីឡាករ ផាន់ សុខហេង រត់ ៤០០ម៉ែត្រវិញ្ញាសារត់ផ្លោះរបង , និងរត់៨០០ ម៉ែត្រ។ លោកគ្រូបង្វឹករូបនេះ បានបន្ថែមថា កាលពីស៊ីហ្គេម នៅប្រទេសហ្វីលីពីន កីឡាករ ឈុន ប៊ុនថន ធ្វើបានល្អ ក្នុងថេរវេលា ១នាទី៥៣វិនាទី លើវិញ្ញាសា៨០០ម៉ែត្រ ប៉ុន្តែស៊ីហ្គេម នៅវៀតណាម មិនសូវបានល្អដោយសារការហ្វឹកហាត់ក្នុងបរិបទកូវីត-១៩ រីឯកីឡាករ ផាត សុភុត ធ្វើបានល្អ លើវិញ្ញាសា៨០០ម៉ែត្រ និងវិញ្ញាសារត់១៥០០ម៉ែត្រ ធ្វើក្នុងថេរវេលា ៤នាទី១៦វិនាទី នៅស៊ីហ្គេម វៀតណាមថ្មីនេះ។ ហើយបច្ចុប្បន្នការហ្វឹកហាត់បង្កើនសមត្ថភាព នៅប្រទេសចិន សិទ្ធផលរបស់ពួកគាត់ឡើងខ្លាំង ដោយមួយថ្ងៃហាត់ ២ពេល គឺពេលព្រឹក និងល្ងាច ដោយមានរយៈពេលពី ២ម៉ោង ទៅ ៣ម៉ោង ទៅតាមកម្មវិធី និងផែនការប្រចាំខែ ទៅតាមដំណាក់កាល គឺហ្វឹកហាត់កម្លាំង មានខ្លាំង មានខ្សោយ បច្ចេកទេស និងការសម្រួលសាច់ដុំ ទៅតាមកម្មវិធីហ្វឹកហាត់របស់គ្រូជំនាញកម្រិតខ្ពស់។ សិទ្ធផលកើនឡើង និងការខិតខំរបស់កីឡាករ កីឡាការិនី លោក ពៅ ស៊ីថា រំពឹងខ្ពស់ថា នឹងអាចឈ្នះមេដាយជូនកម្ពុជា ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ម្យ៉ាងទៀត ការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅចិន គឺជាចំនុចវិជ្ជមានមួយបន្ថែមទៀត ដើម្បីអោយពួកគាត់ ពិនិត្យមើលពីចំណុចខ្សោយរបស់ខ្លួន ស្វែងរកចំណុចខ្លាំង ពីគ្រូបង្វឹកកម្រិតខ្ពស់ជនជាតិចិន ដូចជា បច្ចេកទេស កម្លាំងកាយ និងការបន្សាំខ្លួនពីការប្រកួតកម្រិតអន្តរជាតិផងដែរ។ ដោយឡែកកីឡាការិនី កាន់ ស្រីរ័ត្ន វិញ បទពិសោធន៍នៅតិចតួច និងកត្តាសុខភាពមិនអំណោយផល ធ្វើអោយយើងមិនសូវរំពឹង តែការហ្វឹកហាត់នៅចិន ក៏អាចជំរុញអោយគាត់កាន់តែល្អ និងទទួលបានបទពិសោធន៍ ត្រៀមការប្រកួតអន្តរជាតិនានា និងស៊ីហ្គេមបន្តបន្ទាប់។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ពៅ ស៊ីថា ។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជា សរុប ១៦១នាក់ លើ ១២ប្រភេទកីឡា រួមមានកីឡាកាយសម្ព័ន្ធ , បាល់បោះ, វាយកូនឃ្លីលើតុ ,ចំបាប់, វាយសី ,ហែលទឹក, លើកទម្ងន់, បាល់ទាត់-នារី និង បាល់ទះ ក្នុងនោះអត្តពលកម្ម បានបញ្ជូនកីឡាករ កីឡាការិនី សរុប (២០នាក់)។ ដោយឡែក សម្រាប់វិញ្ញាសារត់មធ្យម មានកីឡាករ ៤នាក់ មានកីឡាការិនី កាន់ ស្រីរ័ត្ន, ឈុន ប៊ុនថន, ផាត សុភុត, កីឡាករ ផាន់ សុខហេង៕ ចាន់ វិចិត្រ


