ក្រសួងការពារជាតិ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រៀងរបាយការណ៍បូកសរុបលទ្ធផលការងារខែតុលា និងទិសដៅអនុវត្តការងារបន្តខែវិច្ឆិការ ឆ្នាំ២០២២

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ មានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រៀងរបាយការណ៍បូកសរុបលទ្ធផលការងារខែតុលា និងទិសដៅអនុវត្តការងារបន្តខែវិច្ឆិការ ឆ្នាំ២០២២ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។

ក្នុងសេចក្តីព្រៀងរបាយការណ៍បូកសរុបលទ្ធផលការងារក្នុងខែតុលា ដែលអានដោយឧត្តមសេនីយ៍ឯក ច័ន្ទ សារាំង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានសរុប បានឲ្យដឹងថា ក្នុងរយៈពេលមួយខែ ក្នុងខែតុលា ឆ្នាំ២០២២នេះ កងយោធពលខេមរៈភូមិន្ទ បានយកចិត្តទុកដាក់ពុះពារអនុវត្តតួនាតីភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងភារកិច្ចចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើនគួរជាទីមោទនៈ ។ ក្នុងនោះ សភាពការណ៍នៅតាមតំបន់ព្រំដែនស្ងប់ស្ងាត់ពុំមានអ្វីគួរឲ្យកត់សម្គាល់, កងយោធពលខេមរៈភូមិន្ទ បានបន្តពង្រឹងកិច្ចការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើសកម្មភាពល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមករវាងប្រទេសជិតខាង និងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី ឈរលើស្មារតីគោរពគ្នាទៅវិញទៅមក ប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។

ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍ថា ឆ្នាំ២០២២នេះ គឺជាឆ្នាំមួយដ៏មានសារៈសំខាន់ ដោយមានព្រឹត្តិការណ៍ទាំងជាតិ និងអន្តរជាតិធំៗជាច្រើន ។ ក្នុងនោះ កងយោធពលខេមរៈភូមិន្ទ និងក្រសួងការពារជាតិ បានធ្វើជាប្រធានអាស៊ានប្តូរវេន ចាត់តាំងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាបន្តបន្ទាប់ ពិសេសបានរៀបចំនូវកិច្ចប្រជុំដោយផ្ទាល់ របស់អាស៊ាន បន្ទាប់ពីមានការអាក់ខានអស់រយៈពេលជាង ២ឆ្នាំកន្លងមក ដែលប្រការនេះ កម្ពុជា ទទួលបានការគាំទ្រ និងការកោតសរសើរ ពីសមាជិកអាស៊ាន និងអាស៊ានបូក ។ ហើយនៅក្នុងរយៈពេលនេះដែរ កងយោធៈពលខេមរៈភូមិន្ទ ក៍បានធ្វើការកែទម្រង់ ក្នុងនោះបានបន្តធ្វើការកែសម្រួលនិងបង្កើតក្របខណ្ឌមួយចំនួនស្របតាមការចាំបាច់ចំពោះមុខ និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង ព្រមទាំងបានយកចិត្តទុកដាក់គ្រប់គ្រង និងពង្រឹងសមត្ថភាព គុណភាព យោធិនគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ និងកសាងប្រភពនាយទាហានសម្រាប់បន្តវេន ពីនាយទាហាន ដែលត្រូវចូលនិវត្តន៍ ។ ក្រៅពីនេះ បានចូលរួមកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពានលូ ប្រព័ន្ធធារាសាស្ត្រ សំណង់ផ្សេងៗនិងការងារបោសសំអាតគ្រាប់មីន ក៏ដូចជាការកសាងផ្លូវយុទ្ធសាស្ត្រយោធា កសាងជំរុំជំរក បន្ទាយកងទ័ព បានដំណើរការប្រកបដោយជោគជ័យតាមផែនការដែលបានកំណត់ ព្រមទាំងបានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ១៩ យុទ្ធសាស្ត្រផ្ការីកស្រោចទៅដល់ប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អ និងទំនុកទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner