នាយករដ្ឋមន្រ្តីវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបានថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ផាម មិញជិញ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។
ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ផាម មិញជិញ នឹងមានជំនួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិ-បត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តម ផាម មិញជិញ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, មណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងវិមានមិត្តភាពកម្ពុជា-វៀតណាម។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ស្របនឹងការប្រារព្ធខួបអនុ-ស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា«ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»៕ ដោយ សួង ពិសិដ្ឋ
