ម្ហូមអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើរ
ភ្នំពេញ ៖ ទិវាជាតិអាហារូបត្ថម្ភលើកទី៩ ក្រោមប្រធានបទ ”ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើរ” ត្រូវបានប្រារព្វធ្វើនៅសណ្ឋាគារ ហៃយ៉ាត (Hyyatt Regency) កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២២ ក្រោម អធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង ជនបទ ។
លោក ហ្វារីដ សេមី (Farid Semi) តំណាងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសហព័ន្ឋអាលឺម៉ង់ និងជាតំណាងបណ្តាញប្រទេសផ្តល់ជំនួយនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា បានអបអរសាទរ និង កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានអនុវត្តប្រកបដោយជោគជ័យនូវការធ្វើឲ្យប្រសើរឡើងស្ថាភាពអាហរូបត្ថម្ភនៅកម្ពុជា ដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានាចាប់តាំងពីឆ្នាំ២០០០មកម្លេះ។ អាហារគ្មានសុវត្ថិភាពជាមូលហេតុដែលធ្វើឲ្យមនុស្សស្លាប់ជាច្រើនលាននាក់លើពិភពលោក។ ដូចនេះ យើងត្រូវធ្វើឲ្យពលរដ្ឋមានការយល់ដឹងពីគ្រោះថ្នាក់នៃអាហារគ្មានសុវត្ថិភាព ដោយយើងត្រូវរួមគ្នាគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ដើម្បីធ្វើឲ្យប្រសើរនូវស្ថានភាបអាហារូបត្ថម្ភ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា សុវត្ថិភាពម្ហូបអាហារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមានការពាក់ព័ន្ឋផ្ទាល់លើប្រព័ន្ឋស្បៀង ចាប់ពីដំណាក់កាលផលិត កែឆ្នៃ ចែកចាយ និងរក្សាទុក ពោលគឺពីកសិកដ្ឋានដល់តុអាហារ ដែលតម្រូវឲ្យគ្រប់តួអង្គពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការធ្វើឲ្យប្រព័ន្ធស្បៀងអាហារកាន់តែរឹងមាំ ផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានចីរភាពបរិស្ថាន ចីរភាពសង្គម ចីរភាពសេដ្ឋកិច្ច និងវិបុលភាពសម្រាប់មនុស្ស និងភពផែនដី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ, ទី១. សូមឲ្យមានការរៀបចំប្រារព្ធទិវាជាតិអាហារូបត្ថម្ភនៅថ្នាក់មូលដ្ឋាន គ្រប់តំបន់ក្នុងប្រទេសកម្ពុជា, ទី២. គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ត្រូវយកចិត្តទុកដាក់អនុវត្តអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលទាំង ៨ចំណុច នៅក្នុងសារលិខិតសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទ រទិវាជាតិអាហារូបត្ថម្ភលើកទី៩ ឱ្យមានប្រសិទ្ធភាពខ្ពស់, ទី៣.គ្រប់ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រូវពិនិត្យលើអនុសាសន៍នានានៅក្នុងរបាយការណ៍ស្តីពីការវិភាគបែបគុណភាពនៃប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ដែលក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ ក្រសួងពាក់ព័ន្ធ និងអង្គការ FAO បានរៀបចំឡើងដើម្បីជាមូលដ្ឋានក្នុងការបង្កើតគោលនយោបាយជាតិស្តីពីសុវត្ថិភាព និងគុណភាពម្ហូបអាហារ និងគោលការណ៍ណែនាំនានា ស្របតាមបទប្បញ្ញត្តិបច្ចេកទេសម្ហូបអាហារ និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ, ទី៤.សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយ យកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារឱ្យមានអនាម័យល្អ មានសុវត្ថិភាព និងគុណភាព ស្របតាមស្តង់ដារបច្ចេកទេស និងលក្ខខណ្ឌតម្រូវ ស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ និងទី៥. ពង្រឹងពង្រីកការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យ ទាក់ ទងគ្នា រវាងស្ថាប័នមានសមត្ថកិច្ចទទួលខុសត្រូវលើការត្រួតពិនិត្យម្ហូបអាហារ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ដើម្បីអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារឱ្យមានប្រសិទ្ធភាព ៕សេឌី