នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី នៃសាធរណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
នៅក្នុងនេះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វិផាវ៉ាន់ បានពិភាក្សាគ្នាលើ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងលើបញ្ហាអាស៊ានផង ។
ជាមួយនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តម វិផាវ៉ាន់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ហើយបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យពាណិជ្ជកម្មវិស័យទេសចរណ៍ ថាមពល និងការតភ្ជាប់ ដែលជាកត្តាជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងអាស៊ាន សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វិផាវ៉ាន់ បានឯកភាពគ្នាថា នឹងបន្តសហការគ្នា ដើម្បីរក្សាសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ៕ ដោយ ៖ វណ្ណលុក