ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទទួលគម្រោងជួសជុលប្រាសាទតាកែវ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទទួលគម្រោងជួសជុលប្រាសាទតាកែវ ដែលពិធីនេះ រៀបចំឡើង ក្នុងបរិវេន ប្រាសាទតាកែវ ភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

គម្រោងជួសជុលប្រាសាទតាកែវ ជាគម្រោងសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជានិងចិន អនុវត្តដោយក្រុមការងារនៃរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA ដែលបានចាប់ផ្តើមពីឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៨ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោ បាយ និងកិច្ចសហប្រតិបត្តិការទ្វេភាគីនានា នឹងបន្តចូលរួមកាន់តែសកម្មក្នុងកិច្ចការអភិរក្ស និង ការពារបេតិកភណ្ឌវប្បធម៌ ឲ្យបានកាន់តែខ្លាំងក្លា ដូចដែលភាគីមិត្តបាននិងកំពុងធ្វើក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងការគាំទ្រភាពជាដៃគូអាស៊ាន-ចិន ក្នុងក្របខណ្ឌអាស៊ានតាំងពីដើមរៀងមក ។

ការជួយរបស់ចិនសម្រាប់កិច្ចការអភិរក្សប្រាសាទមានតាំងពីឆ្នាំ ១៩៩៣ មក ជាក់ស្ដែងគម្រោងជួសជុលប្រាសាទតាកែវ បានចាប់ផ្តើមពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៨ និងបន្តជួសជុលប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរ ។ ឯកឧត្តម ក៏បានថ្លែងនូវអំណរគុណដល់មហាមិត្តចិន ដែលបានផ្តល់វ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យកម្ពុជាអាចគ្រប់គ្រងវិបត្តិធ្ងន់ធ្ងរ និងជាសាកលបានយ៉ាងឆាប់រហ័ស និង អាចចាប់ផ្តើមបើកប្រទេសឡើងវិញ ស្ដារបានជាបន្តបន្ទាប់នូវសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាប័ន្ន ។

ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញស្មារតីស្មោះស្ម័គ្រចំពោះចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា-ចិន ។ ឯកឧត្តមមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនមានជាង១ពាន់ឆ្នាំមកហើយ តាមរយៈកំណត់ហេតុ និងសៀវភៅប្រវត្តិសាស្រ្តជាច្រើន និយាយរឿងរ៉ាវនៃអារ្យធម៌ប្រទេសទាំងពីរ ។ ម៉្យាងទៀតគម្រោងជួសជុលប្រាសាទតាកែវ ធ្វើឡើងក្នុងក្របខណ្ឌអង្គការយូណេស្កូដែលបានជួយកម្ពុជាក្នុងការអភិរក្សមរតកវប្បធម៌របស់ខ្លួន ។

ឯកឧត្តមនាយករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា គម្រោងជួសជុលនេះនឹងផ្ដល់ផលប្រយោជន៍ច្រើនដល់កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការផ្លាស់ប្ដូរនៃអារ្យធម៌បណ្ដាប្រទេសនៅក្នុងពិភពលោក។ ចិនគាំទ្រ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ក្នុងការអភិរក្សប្រាសាទ និងជួយជម្រុញផ្ដាស់ប្ដូរសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីជម្រុញការផ្សារភ្ជាប់គ្នារវាងប្រជាជននិងប្រជាជន ។

ឯកឧត្តមនាយករដ្ឋមន្រ្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិកម្ពុជា-ចិន នឹងរួមចំណែកយ៉ាងសំខាន់ និងធ្វើឲ្យប្រជាជននិងប្រជាជន ស្វែងយល់ពីអារ្យធម៌ពីគ្នាថែមមួយកម្រិតទៀត៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner