លោក សួន សេរីរដ្ឋា ត្បកឱ្យក្រុមអ្នកវិភាគ-សង្គមស៊ីវិល ដែលស្នើឱ្យប្រធានាធិបតីអាមេរិកជួយជំរុញការស្ដារប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងថា ការដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច និងអ្នកវិភាគខ្លះស្នើឱ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលកម្ពុជាជាប្រធានប្តូរវេន ឱ្យជួយជំរុញបើកផ្លូវស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ វាគឺជាទម្លាប់សភាវគតិដដែលៗ។ ក្រុមអង្គការសង្គមស៊ីវិលដែលជាសកម្មជននយោបាយលាក់មុខនេះ គឺសាហាវប្រៀបដូចជាជំងឺបូសលាក់មុខ ហើយការប្រជុំអាស៊ាននៅកម្ពុជានេះ គឺមិនមែនសំដៅសំខាន់ទៅលើកិច្ចការដែលពួកអង្គការសង្គមស៊ីវិលទាមទារទេ គឺសំខាន់បំផុតដោះស្រាយបញ្ហាតំបន់ បញ្ហាពិភពលោកដែលកំពុងកើតមានកំដៅ ហើយជាពិសេសគឺស្វែងរកតុល្យភាពនៃការរៀបចំសណ្តាប់ពិភពលោកឡើងវិញ។
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៅកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS ថា វត្តមានរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក មកកម្ពុជានៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលកម្ពុជាជាប្រធានប្តូរវេន នៃសមាគមអាស៊ាន។
លោកបានបន្តថា ការដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច និងអ្នកវិភាគខ្លះស្នើឱ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលកម្ពុជាជាប្រធានប្តូរវេនឱ្យជួយជំរុញបើកផ្លូវស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ វាគឺជាទម្លាប់សភាវគតិដដែលៗ របស់ក្រុមអ្នកដែលហៅខ្លួនឯងថា ជាអ្នកប្រជាធិបតេយ្យ អ្នកស្រឡាញ់សិទ្ធិមនុស្ស គោរពសិទ្ធិមនុស្ស គឺថាវាអត់គេចផុតពីការពិតទេ ទោះបីខិតខំលាក់បិទបាំងខ្លួនថា ខ្លួនជាក្រុមអង្គការសង្គមស៊ីវិល ជាអ្នកឃ្លាំមើល ឬក៏ជាសកម្មជនសិទ្ធិមនុស្ស ប៉ុន្តែការពិតនោះ វាគ្រាន់តែយកពាក្យសិទ្ធិមនុស្ស ឬអង្គការសង្គមស៊ីវិល ឬក៏ពាក្យឃ្លាំមើលមកធ្វើជាអាវដើម្បីពាក់បិទបាំងនៅសារជាតិពិតរបស់ខ្លួនដែលជាសកម្មជននយោបាយជ្រកក្រោមស្លាកជាសកម្មជនស៊ីវិល ជ្រកក្រោមស្លាកជាអ្នកវិភាគ ជ្រកក្រោមស្លាកជាអ្នកឃ្លាំមើលតែប៉ុណ្ណោះ។ ពួកនេះ គឺមានបេសកកម្មតែមួយដូចគ្នាជាមួយនឹងក្រុមប្រឆាំងផ្គាប់មុខដែលដឹកនាំដោយមេបក្សរបស់គេដែលកំពុងតែរត់ចោលស្រុក។ ដូច្នេះហើយបានជាពួកគេទន្ទេញចាំពាក្យដដែលៗ ដូចមេសូត្រអ៊ីចឹង! គឺនិយាយតតែពីរឿងថា ស្តារលទ្ធិប្រជាធិបតេយ្យ ស្តារការគោរពសិទ្ធិមនុស្សសព្វគ្រប់បែបយ៉ាង ស្តាប់ទៅហាក់ដូចជានៅកម្ពុជាអត់មានលទ្ធិប្រជាធិបតេយ្យ អត់មានការគោរពសិទ្ធិមនុស្ស និងអតើមានផ្តល់សេរីភាពបញ្ចេញមតិអីទាំងអស់ គឺថាប្រៀបដូចជាកម្ពុជានឹងជារបបមួយដែលដឹកនាំអត់មានលទ្ធិប្រជាធិបតេយ្យ អត់មានការគោរពសិទ្ធិមនុស្ស អត់មានច្បាប់។
ប៉ុន្តែផ្ទុយទៅវិញ តើពួកគេបញ្ចេញមតិរិះគន់រដ្ឋាភិបាលរាល់ថ្ងៃនេះបានដោយសារអី? មិនដោយសារតែពួកគេមានសេរីភាពបញ្ចេញមតិ ហើយពួកគេអាចដាក់ញ្ញត្តិស្នើសុំទៅអង្គទូត ឬក៏ប្រធានាធិបតីប្រទេសមហាអំណាចដែលអញ្ជើញមកចូលរួមប្រជុំនៅកម្ពុជា ហើយពួកគេអាចដាក់ញ្ញត្តិចូលទៅបាន តើវាគឺជាស្អី? ហ្នឹងមិនជាសិទ្ធិសង្គមស៊ីវិល មិនមែនជាសិទ្ធិមនុស្សរបស់ពួកគេទេឬយ៉ាងម៉េច? ។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តថា ការរិះគន់របស់ពួកគេដែលសរសេរនៅលើញ្ញត្តិ និងការទាមទារទាំងអស់នឹងដែលធ្វើការវ៉ៃប្រហាររិះគន់ មិនមែនតែវ៉ៃប្រហាររិះគន់ទេ គឺវាលើសពីនឹងទៅទៀតរហូតប្រមាថដល់ព្រះចេស្តារព្រះមហាក្សត្រ ហើយក្រុមសង្គមស៊ីវិល និងអ្នកវិភាគ រួមទាំងក្រុមអ្នកឃ្លាំមើលទាំងនោះ មិនដែលមានប្រតិកម្មជាមួយនឹងជននោះទាល់តែសោះ អាហ្នឹងវាស្អី? អាហ្នឹងមិនមែនជាប្រជាធិបតេយ្យទេ ឬមួយយ៉ាងម៉េច? ។ អ្វីដែលកម្ពុជាអនុវត្ត គឺអនុវត្តតែមួយគត់ គឺការពង្រឹងនីតិរដ្ឋ គឺលុបបំបាត់ននៅវប្បធម៌រួចទោសកុំឱ្យមានទៀតនៅកម្ពុជា ហើយការអនុវត្តនីតិរដ្ឋនេះ គឺសំដៅទៅលើជនទាំងឡាយណាដែលប្រព្រឹត្តខុសច្បាប់ត្រូវតែយកមកកាត់ទោសតាមច្បាប់ដើម្បីពង្រឹងនីតិរដ្ឋរបស់កម្ពុជា។
ការពង្រឹងនីតិរដ្ឋរបស់កម្ពុជា មិនមែនជាការបំបាត់សិទ្ធិសេរីភាពបញ្ចេញមតិ មិនមែនជាការរំលោភសិទ្ធិមនុស្សទេ គឺមុននឹងច្បាប់កាត់ទោស ឬផ្តន្ទាទោស ឬចាប់អ្នកណាម្នាក់ដាក់ពន្ធនាគារ គឺដោយសារអ្នកនោះរំលោភច្បាប់មុនទៅហើយ ច្បាប់មិនបានរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏រំលោភសិទ្ធិបុគ្គល សិទ្ធិនយោបាយរបស់អ្នកណាទេ ប៉ុន្តែបើអ្នកឯហរំលោភច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែក្រុមអ្នកឃ្លាំមើល ក្រុមសង្គមស៊ីវិល និងក្រុមអ្នកវិភាគអស់នេះ ដែលគេមានបេសកកម្មរួមជាមួយនឹងគណបក្សនយោបាយ និងមេនយោបាយរបស់ពួកគេដែលកំពុងតែរត់ចោលស្រុកនោះ គឺគេមិនដែលទទួលស្គាល់នៅកំហុសរបស់ពួកគេដែលបានប្រព្រឹត្តខុសច្បាប់ ដែលបានរំលោភច្បាប់ ដែលបានមើលងាយច្បាប់ទេ។ ប៉ុន្តែផ្ទុយទៅវិញ គេតែងតែររំពឹងទៅលើវត្តមានអ្នកនយោបាយបរទេស ឬមេដឹកនាំបរទេសដើម្បីដាក់ការគាបសង្កត់ ឬក៏ដាក់ទណ្ឌកម្មអ្វីមួយមកលើរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា “ការប្រជុំអាស៊ាននៅកម្ពុជានេះ គឺមិនមែនសំដៅសំខាន់ទៅលើកិច្ចការដែលពួកអង្គការសង្គមស៊ីវិលនេះទាមទារទេ តែសំខាន់បំផុតដោះស្រាយបញ្ហាតំបន់ បញ្ហាពិភពលោកដែលកំពុងកើតមានកំដៅ ហើយជាពិសេសគឺស្វែងរកតុល្យភាពនៃការរៀបចំសណ្តាប់ពិភពលោកឡើងវិញ ពាក់ព័ន្ធនឹងអ្វីដែលយើងបានដឹងបានឮទាំងអស់គ្នាកន្លងមក។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ សង្គម នយោបាយ និងទីផ្សារសម្រាប់ប្រទេសជាសមាគមអាស៊ានជាមួយនឹងបណ្តាប្រទេសមហាអំណាចដែលត្រូវប្រជុំបូកជាមួយអាស៊ាននោះ គឺជាប្រធានបទសំខាន់ដែលត្រូវយកមកនិយាយ និងដោះស្រាយដោយប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃសមាគមអាស៊ាន និងបណ្តាប្រទេសជាដៃគូរបស់អាស៊ានកន្លងមក មានដូចជា មហាអំណាចអាមេរិក រុស្ស៊ី ចិន និងបណ្តាប្រទេសមួយចំនួននៅសហគមន៍អឺរ៉ុប ក៏ដូចជាប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីមួយចំនួន ដូចជា កូរ៉េខាងត្បូង និងប្រទេសជប៉ុនជាដើម។
ប៉ុន្តែជារបៀបឆក់កណ្តៀតដើម្បីយកឱកាសបញ្ចេញសំឡេង ហើយទោះបីដឹងហើយថា ការបញ្ចេញសំឡេងរបស់ពួកគេនោះ វាគ្មានសារៈសំខាន់អ្វីទាល់តែសោះ ហើយវាមិនពាក់ព័ន្ធអ្វីទៅនឹងប្រធានបទ ឬកិច្ចប្រជុំនេះក៏ដោយ ក៏ប៉ុន្តែពួកសង្គមស៊ីវិលត្រីងៀតឆ្លៀតឱកាសនេះ គឺតែងតែធ្វើអ៊ីចឹង យើងឃើញហើយដូចដែលខ្ញុំបានលើកឡើងពីខាងដើមអ៊ីចឹង តាំងពីពេលដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រមុខដឹកនាំអន្តររដ្ឋាភិបាលអាស៊ានទៅចូលរួមប្រជុំនៅសហរដ្ឋអាមេរិក គឺពួកគេធ្វើបាតុកម្មប្រឆាំង និងដាក់ញ្ញត្តិទៅសភា ទៅរដ្ឋាភិបាលអាមេរិក ចង់ឃើញណាស់ ចង់បានណាស់ឱ្យអាមេរិកគាបសង្កត់ដាក់ទណ្ឌកម្មមកលើកម្ពុជា។ ប៉ុន្តែយើងសួរថា សហរដ្ឋអាមេរិកហ្នឹងគេជាមហាអំណាចមួយ តើគេល្ងង់ឬយ៉ាងម៉េច? គេមើលមកកម្ពុជាហ្នឹងជាប្រទេសយ៉ាងម៉េចដែរ? គឺមើលមកកម្ពុជាងងឹតតែម្តង ដូចពួកដែលមានសញ្ជាតិខ្មែរ មានកំណើតខ្មែរ ប៉ុន្តែខ្វះខួរក្បាលបម្រើបរទេស ហើយបានប្រាក់ខែ បានលុយពីបរទេសមកមើលងាយជាតិសាសន៍ខ្លួនឯង ចង់តែឱ្យប្រទេសជាតិខ្លួនឯងអាប់អោនកិត្តិយស គ្មានមុខមាត់ ចង់ឲ្យមេដឹកនាំខ្លួនឯងទទួលការស្តីបន្ទោសពីគ្រប់ទិសទី ចង់ឱ្យតែប្រទេសខ្លួនឯងច្របូកច្របល់ គ្មានការគោរពច្បាប់ គ្មានការអនុវត្តច្បាប់បែបនឹងឬមួយយ៉ាងណា?
ចំណុចនេះ គឺជាចំណុចដែលប្រជាពលរដ្ឋខ្មែរពិចារណា ពីព្រោះខ្ញុំក៏ធ្លាប់បានលើកឡើងផងដែរនៅក្នុងការផ្តល់នៅទំនុកចិត្ត ឬផ្តល់សេចក្តីទុកចិត្តទៅលើបុគ្គលណាម្នាក់ ឬក្រុមណា គឺការដែលយើងផ្តល់ទំនុកចិត្ត ឬសេចក្តីទុកចិត្តទៅលើអ្នកណាម្នាក់ គឺប្រៀបដូចយើងឱ្យកាំបិតដ៏មុតស្រួចទៅគេអ៊ីចឹង ហើយបើ់គេយកកាំបិតមុតស្រួចនោះទៅការពារយើង គឺថាយើងមានភាពកក់ក្តៅ យើងមានសុវត្ថិភាព។ ប៉ុន្តែបើគេយកកាំបិតដ៏មុតស្រួចនោះទៅលបលួចចាក់ប្រហារមកលើយើងវិញ គឺយើងអត់មានសេចក្តីសុខទេ យើងនឹងអន្តរាយ អ៊ីចឹងប្រជាពលរដ្ឋដែលគាំទ្រពួកអ្នកនយោបាយដែលក្បត់ទំនុកចិត្តរបស់យើងដែលយើងគាំទ្រ ប៉ុន្តែបែរជាយកការគាំទ្ររបស់យើងទៅធ្វើឱ្យចលាចលវឹកវរសង្គម បាត់បង់ស្ថេរភាព បាត់បង់សន្តិភាពដែលយើងកំពុងមាន ហើយកើតឡើងនៅអន្តរាយភាពដែលនឹងអាចបំផ្លាញសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ សួរថាយើងគួរបន្តគាំទ្រ និងផ្តល់ទំនុកចិត្តរបស់យើងទៅពួកអ្នកនយោបាយបែបហ្នឹងតទៅទៀតឬក៏យ៉ាងណា?”។
លោកបានសង្កត់ធ្ងន់ថា ចំពោះក្រុមអង្គការសង្គមស៊ីវិលដែលជាសកម្មជននយោបាយលាក់មុខនេះ គឺសាហាវណាស់ប្រៀបដូចជាជំងឺបូសលាក់មុខអ៊ីចឹង បូសលាក់មុខ គឺថាវាពួនលាក់បង្កប់កើតជាខ្ទុះ កើតជាដង្កូវ ស៊ីសាច់រលួយចាក់ទៅឆ្អឹងខ្នង និងខួរឆ្អឹងរបស់យើង ប៉ុន្តែមើលពីខាងក្រៅគឺអត់មានមុខទេ គឺខាងពួកសង្គមស៊ីវិលលាក់មុខ ពួកអ្នកឃ្លាំមើលលាក់មុខ ពួកអង្គការក្រៅរដ្ឋាភិបាលលាក់មុខ ដែលបម្រើបក្សនយោបាយប្រឆាំងផ្គាប់មុខដែលកំពុងតែរត់ចោលស្រុកនាពេកបច្ចុប្បន្ននេះ ពួកគេអត់មានចេតនាល្អទេ នៅក្នុងការការពារមុខមាត់របស់កម្ពុជា នៅក្នុងការទទួលស្គាល់អ្វីដែលកម្ពុជាមានពិតប្រាកដ និងសមទ្ធិផលដែលរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍន៍ ខិតខំការពារ និងកសាងកន្លងមក។
ផ្ទុយទៅវិញ ពួកគេតែងតែធ្វើការរិះគន់វ៉ៃប្រហារគ្រប់រូបភាពទាំងអស់ គឺខាងអ្វីដែលរដ្ឋាភិបាលបានធ្វើបានដោះស្រាយ បានផ្តល់សេវាជូននោះ គឺថាពួកគេមិនដែលពេញចិត្តទាល់តែសោះ។ ប៉ុន្តែផ្ទុយទៅវិញអ្វីដែលពួកគេកំពុងតែយកមកប្រើជាមធ្យោបាយរិះគន់វ៉ៃប្រហារជេរប្រមាថរដ្ឋាភិបាលនោះ គឺសុទ្ធតែជាសេវាដែលបានទទួលផ្តល់មកពីរដ្ឋាភិបាលផ្តល់ឱ្យទាំងអស់។ នេះហើយដែលបញ្ជាក់អំពីសារជាតិ និងសន្តានរបស់ពួកគេ ដែលពួកគេមានកំណើតជាខ្មែរ និងសញ្ជាតិជាខ្មែរពិតប្រាកដមែន ប៉ុន្តែពួកគេអត់បានធ្វើអ្វីតម្កល់ជាប្រយោជន៍ខ្មែរទេ គឺពួកគឹខិតខំធ្វើយ៉ាងម៉េចឱ្យខ្មែរបែកបាក់ ឱ្យខ្មែរអន្តរាយ ចង់ឱ្យខ្មែរបាត់បង់នៅភាពឯករាជ្យ អធិបតេយ្យ ឱ្យបរទេសមើលងាយជាន់ឈ្លីតែប៉ុណ្ណឹង។
អ្នកតាមដានព្រឹត្តិការណ៍រូបនេះបានបញ្ជាក់ថា សម្រាប់ការរទាមទារការចង់បានរបស់ពួកគេ មើលឃើញថា ជាសភាវគតិដដែលៗ ហើយដែលពួកគេនិយាយច្រើនឆ្នាំ ច្រើនអាណត្តិមកហើយ ប៉ុន្តែរាជរដ្ឋាភិបាលមិនដែលបានសន្យា ឬប្រតិកម្មអីទេ ប៉ុន្តែរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺតែងតែអភិវឌ្ឍន៍ តែងតែកែលម្អ និងកែទម្រង់ធ្វើឱ្យប្រជាពលរដ្ឋគាំទ្រកាន់តែច្រើនឡើងៗ។ អ្វីដែលពួកគេព្យាយាមបិទខួរក្បាល ធ្វើភ្នែកខ្លួនឯងឱ្យខ្វាក់ និយាយបង្អាប់ធ្វើបាបរាជរដ្ឋាភិបាលនោះ វាបាត់បង់ការគាំទ្រអស់ច្រើនទៅហើយ។ នេះហើយគឺជាកម្មផលរបស់ពួកគេដែលពួកគេមិនទទួលនូវអ្វីដែលជាការពិត៕
ដោយ៖ពលជ័យ