ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋ-រដ្ឋាភិបាលអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូល អាស៊ានជាផ្លូវការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី១១ខែវិច្ឆិកាឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ាន រួមនឹងប្រមុខរដ្ឋ-រដ្ឋាភិបាល សមាជិកអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងទី៤១ ជាផ្លូវការ នៅ សណ្ឋាគារសុខាភ្នំពេញ។
តាមកម្មវិធីគ្រោងទុក បន្ទាប់ពីពិធីបើកកិច្ចប្រជុំ កំពូល អាស៊ានជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋ-រដ្ឋាភិបាលសមាជិកអាស៊ាន ដទៃ ទៀត អញ្ជើញទស្សនាពិព័រណ៍រូបថត បង្ហាញពី ការរួមចំណែករបស់កម្ពុជាក្នុងអាស៊ាន ក្រោយ ពេល ក្លាយជាសមាជិកអាស៊ាន រយៈពេល ២៣ ឆ្នាំកន្លងមកនេះ។
បន្ទាប់មកទៀត សម្តេចតេជោ ហ៊ុន សែន ព្រមទាំង ប្រមុខដឹកនាំរដ្ឋ/រដ្ឋាភិបាលសមាជិក អាស៊ាន អញ្ជើញចាប់ផ្តើមកិច្ចប្រជុំកំពូល លើកទី៤០ និងកិច្ចប្រជុំកំពូល៤១។
ដោយឡែកនៅពេលរសៀលថ្ងៃដដែល សម្តេច តេជោ ហ៊ុន សែន និងប្រមុខដឹកនាំរដ្ឋ/រដ្ឋាភិបាល សមាជិកអាស៊ាន ព្រមទាំងមេដឹកនាំនៃប្រទេសដៃ គូសន្ទនារបស់អាស៊ាន នឹងចាប់ផ្តើមនូវកិច្ចប្រជុំ សំខាន់ៗមួយចំនួនទៀតរួមមាន៖ កិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៣ និងកិច្ចប្រជុំកំពូល អាស៊ាន-អង្គការសហប្រជាជាតិលើកទី១២។
ក្រៅពីកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាបណ្តាមេដឹកនាំប្រទេស និងអង្គការអភិវឌ្ឍន៍ ដែលកំពុង មានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រៀបចំឡើង ជាលើកទី៣ នៅកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រឹត្តិការណ៍កិច្ចប្រជុំកម្រិតកំពូលដែលប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃ រួមមាន៖ កិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំ កំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ ,កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា (អាស៊ាន១០ ចិន អាមេរិក រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវ៉ែលហ្សេឡង់) លើកទី១៧។
ថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន ក៏នឹងអញ្ជើញចូលរួមកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានអង្គការអន្តរជាតិសំខាន់ៗមួយចំនួន ហើយ ថ្នាក់ដឹកនាំនៃដៃគូសន្ទនាអាស៊ានមួយចំនួន ក៏រំពឹងថា នឹងចូលរួមក្នុងកិច្ចសន្ទនានេះផងដែរ ៕
ដោយ៖វណ្ណលុក