រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអ៊ុយក្រែន ជួបពិភាក្សាទ្វេភាគី

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរអ៊ុយក្រែន ដែលបានចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលនៃជំនួបទ្វេភាគីជាមួយឯកឧត្តម ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីកិច្ចពិភាក្សាតាមប្រព័ន្ធទូរស័ព្ទប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវជំហរជាគោលការណ៍របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន និងសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនេះ នឹងអាចកើតមានក្នុងពេលឆាប់ៗ ដើម្បីអ៊ុយក្រែនទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយសហការជាមួយប្រទេសជប៉ុនផងដែរ។

ឯកឧត្តម ឌីមីត្រូ គូលេបា បានអបអរសាទរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងជូនពរកម្ពុជាទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ឯកឧត្តម ឌីមីត្រូ គូលេបា បានអរគុណកម្ពុជាយ៉ាងជ្រាលជ្រៅចំពោះការប្រកាន់យកជំហរប្រកបដោយគោលការណ៍ចំពោះសង្គ្រាមនៅអ៊ុយក្រែន ភាពសប្បុរសក្នុងការជួយអ្នកដោះមីនរបស់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលអាចធ្វើឱ្យអ៊ុយក្រែនចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្ដមរដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់អំពីកំណើននៃទំនាក់ទំនងជាមិត្តភាពកម្ពុជា-អ៊ុយក្រែន ដែលបានឆ្លុះបញ្ចាំងតាមរយៈជំនួបកម្រិតខ្ពស់សំខាន់ៗនាពេលថ្មីៗនេះ ការឯកភាពគ្នាលើការតែងតាំង និងផ្លាស់ប្តូរឯក-អគ្គរាជ/រដ្ឋទូតទៅវិញទៅមកក្នុងពេលឆាប់ៗ និងការព្រមព្រៀងក្នុងការបង្កើតអោយមានកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner