ក្រសួងបរិស្ថាន និងដៃគូរួមគ្នាសិក្សាគម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សៈរណៈយោគយល់ រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន Royal Future International (Cambodia) Co., Ltd. (RFIC) និងក្រុមហ៊ុន China Railway No.2 Engineering Group Co., Ltd. (CREGC) “ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសិក្សាគម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ”។
បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ពិធីដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ធជាច្រើនក្នុងនេះមានដូចជា ឯកឧត្តម ទា ជុប រដ្ឋលេខាធិការ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធ។
ជាមួយគ្នាពិធីចុះអនុស្សរណៈយោគយល់គ្នានេះដែរមានគោលបំណងសំខាន់ៗដូចជា៖
១. ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនប្រសិទ្ធិភាពការងារ រវាងភាគីពាក់ព័ន្ធក្នុងការសិក្សាបុរេសមិទ្ធិលទ្ធភាពគម្រោងវិនិយោគសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ (បឹងតាមោក)។
២. ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក សំដៅធានាសុខមាលភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ ៕ ដោយ៖ម៉ាដេប៉ូ