អនុប្រមុខការទូតគុយបា៖ ការធ្វើចំណាកស្រុកដោយខុសច្បាប់របស់ប្រជាជនគុយបាទៅកាន់សហរដ្ឋអាមេរិក គឺដោយសារតែទណ្ឌកម្ម
ហាវ៉ាន់ណា៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេសគុយបា លោក Carlos Fernandez de Cossio ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានថ្លែងថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងគុយបា បានជំរុញឱ្យមានការធ្វើចំណាកស្រុកខុសច្បាប់របស់គុយបាទៅកាន់សហរដ្ឋអាមេរិក។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសគុយបារូបនេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា យើងសូមរំលឹកឡើងវិញ នូវការព្រួយបារម្ភរបស់យើងអំពីវិធានការដែលជំរុញឱ្យមានការធ្វើចំណាកស្រុកខុសច្បាប់ និងថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺជាគោលនយោបាយមួយ ដែលមានគោលបំណងការដាក់កម្រិតលើជីវភាពរស់នៅរបស់ប្រជាជនគុយបា។
ការអត្ថាធិប្បាយបែបនេះរបស់លោក Cossio បានកើតមានឡើងបន្ទាប់ពីកិច្ចចរចាចំណាកស្រុកថ្មីរវាងរដ្ឋាភិបាលគុយបា និងអាមេរិកនៅក្នុងរដ្ឋធានីហាវ៉ាណា។
កិច្ចពិភាក្សារវាងប្រទេសទាំងពីរបានចាប់ផ្តើមឡើងវិញនៅក្នុងខែមេសា ដែលជាការសន្ទនាលើកដំបូង ស្តីពីការធ្វើចំណាកស្រុកក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ពីមានគម្លាតដ៏យូរក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
យោងតាមរដ្ឋាភិបាលគុយបា ការដាក់ទណ្ឌកម្មរបស់អាមេរិកបានធ្វើឱ្យសេដ្ឋកិច្ចរបស់គុយបាខាតបង់សរុប ១៥៤.២ពាន់លានដុល្លារក្នុងរយៈពេល ៦ទសវត្សរ៍កន្លងមកនេះ៕ ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា