អាជ្ញាធរទទួលបណ្តឹង៥ទៀត ស្វែងរកការជួយសង្គ្រោះជនបរទេស(Video Inside)
សមត្ថកិច្ចកម្ពុជាបានបន្តទទួលបានបណ្តឹង៥ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស ៧នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។ កម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើ ជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់ បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី១៨វិច្ឆិកា នេះថា សំណើទាំង ០៥ករណី រួមមាន០២សញ្ជាតិ ស្នើឱ្យសង្រ្គោះជនជាតិ ចិន ៤នាក់ និងជនជាតិហ្វីលីពីន ៣នាក់។
កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្ស ខុសច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២, សំណើស្វែងរកការជួយសង្គ្រោះជនបរទេស មានចំនួន ៦០០ករណី ជាមួយមនុស្ស ១ពាន់៥០៤នាក់ ដែលមាន ១៤សញ្ជាតិ។
សមត្ថកិច្ច បានស្រាវជ្រាវអង្កេតបឋមបាន ៣២៣សំណើ, បិទសំណុំរឿង១៣៧សំណើ, រកឃើញ ៧៣១នាក់, ឃាត់ខ្លួន៨៨នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង។