រដ្ឋលេខាធិការក្រសួងកិច្ចការនារីអញ្ជើញបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីពី “ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ ” នៅខេត្តសៀមរាប
សៀមរាប៖ ក្នុងពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីពី “ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ ” តាមរយៈគម្រោង “លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា” បានបង្ហាញពីភាពជាដៃគូដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងបញ្ជាក់យ៉ាងច្បាស់ពីកិច្ចសហការគ្នារវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ក្នុងការចូលរួមចំណែកលើកកម្ពស់ សមភាពយេនឌ័រ និងសិទ្ធិស្ត្រីនៅក្នុវិស័យសុខភាព ស្ថិតក្នុងអនុវិទ្យាល័យចាន់សរ ឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា នៅប្រទេសកម្ពុជា ជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ ជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលកំពុងតែកើនឡើង និងជាមូលហេតុនៃការស្លាប់ជាងពាក់កណ្តាល ក្នុងចំណោមការស្លាប់ ទាំងអស់នៅប្រទេសកម្ពុជា (បើយើងធ្វើការប្រៀបធៀប គឺអត្រាស្លាប់ស្ត្រីច្រើនជាងបុរស ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងថែមទៀត ដោយសារតែផលវិបាកនៃការផ្លាស់ប្ដូររបៀបរស់នៅ និង បរិស្ថានដែលកំពុងតែមានការប្រែប្រួលរួមទាំងចំណីអាហារផងដែរ។
លោកស្រី យូរ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា យុទ្ធនាការនេះ នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនគោលដៅ ជាពិសេសស្រ្តី និងគ្រួសារ និង បានចូលរួមកាត់បន្ថយអត្រាស្លាប់របស់ប្រជាជនកម្ពុជាដោយសារជំងឺមិនឆ្លង ដែលចែងក្នុងផែនការសកម្មភាពពហុវិស័យជាតិស្តីពី ការការពារ និងការប្រយុទ្ធនឹងជំងឺឆ្លង លើចំនុចសំខាន់២គឺ៖ (១) បង្ការប្រជាជនមិនឲ្យមានជំងឺមិនឆ្លងកាន់តែច្រើនឡើង និង(២). សម្រាលភាពធ្ងន់ធ្ងររបស់អ្នកជំងឺមិនឆ្លង មិនឲ្យធ្លាក់ខ្លួនជាជនមានពិការភាព និងឆាប់ស្លាប់។ ៨០% នៃជំងឺមិនឆ្លងអាចការពារបាន បើសិនជាមានអន្តាគមន៍ដ៏មានប្រសិទ្ធភាពខ្ពស់ជាច្រើន សូម្បីតែអ្នកជំងឺដែលមានជំងឺមិនឆ្លងរួចទៅហើយ ក៏អាចរក្សាសុខភាពល្អជាធម្មតាជាមួយសមាជិកគ្រួសារ និងសង្គមដែលមានផលិតភាពតាមរយៈការរួមបញ្ចូលគ្នានូវការថែទាំសុខភាពបឋម ការគ្រប់គ្រងខ្លួនឯង ដោយកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លងដូចជាកុំប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ កាត់បន្ថយការប្រើប្រាស់អំបិល និងជាតិខ្លាញ់ក្នុងអាហារ និងការធ្វើលំហាត់ប្រាណជាប្រចាំ និងទៀងទាត់ ជាដើម៕ ដោយ ស៊ាន សុផាត