រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមស្តីពី «កិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម»

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃប្រធានសភានៃកម្ពុជា ប្រធានសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រធានសភាសាធារណរដ្ឋសង្គមនិយមវៀតណាម (CLV) ស្តីពី «កិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម» នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភាកម្ពុជា ប្រធានសភាឡាវ និងប្រធានសភាវៀតណាម បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងនៃប្រទេសទាំងបី។
ប្រធានរដ្ឋសភា នៃប្រទេស CLV បានចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីការបង្កើតកិច្ចប្រជុំកំពូលសភា CLV និងកំណត់ការអនុម័តជាផ្លូវការនូវនីតិវិធីនៃកិច្ចប្រជុំ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះប្រធានរដ្ឋសភាទាំង៣ បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីថែរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាង រដ្ឋសភា នៃប្រទេសទាំងបី ដោយជំរុញកិច្ចសហប្រតិបត្តិការនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃប្រទេសទាំង៣។
ប្រធានរដ្ឋសភា នៃប្រទេសទាំង៣ បានយល់ព្រមលើកយន្តការដែលមានស្រាប់នៃកិច្ចប្រជុំគណៈកម្មាធិការ/គណៈកម្មការកិច្ចការបរទេស CLV ទៅជា «កិច្ចប្រជុំកំពូលសភា CLV»។

កិច្ចប្រជុំកំពូលនេះមានគោលបំណងរួមមាន៖
ទី១៖ ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងចំណោមប្រទេស CLV។
ទី២៖ ជំរុញការផ្លាស់ប្តូរ និងការផ្សព្វផ្សាយ ព័ត៌មាន បទពិសោធន៍ និងការអនុវត្តឱ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV។
និងទី៣៖ កៀរគរធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (CLV-DTA)។ កិច្ចប្រជុំកំពូលលើកទីមួយ នឹងធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភា នៃប្រទេសឡាវ នៅឆ្នាំ២០២៣។

ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសភានេះ នឹងបង្កើតផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀត ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់សន្តិភាព និងវិបុលភាព (M4P2) សម្រាប់ប្រជាជន នៃប្រទេសទាំងបី និងលើសពីនេះទៀត៕ ដោយ / គ្រី សម្បត្តិ + ហេង សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner