សមាគមអាជីវកម្មធនតូច និងមធ្យម (SME) ប្រទេសថៃ ធ្វើកិច្ចសហប្រតិបត្តិការជាមួយ គណៈកម្មាធិការជាតិ ជម្រុញចលនាភូមិ១ផលិតផល១ (OVOP) ដើម្បីជម្រុញ និងលើកកម្ពស់ផលិតផលខ្មែរ

អត្ថបទដោយ៖
ជា សេឌី

ភ្នំពេញ ៖ គណៈប្រតិភូសមាគមអាជីវកម្មធនតូច និងមធ្យម (SME) ថៃ ដឹកនាំដោយបណ្ឌិត ស៊ុបភើឆ័យ ប្រធានសមាគម បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ (OVOP) ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាង (SME) ថៃ និង OVOP នៃប្រទេសកម្ពុជា ដើម្បីជម្រុញ និងលើកកម្ពស់ផលិតផលខ្មែរ។ ជំនួបនេះធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោកបណ្ឌិត ស៊ុបភើឆ័យ ប្រធា បានមានប្រសាសន៏ថា យើងបានផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែកកសិកម្ម និងបច្ចេកទេស ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ (OVOP) កម្ពុជា។ លោកបណ្ឌិតបញ្ជាក់ថា កសិកម្ម គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជនបទរបស់ប្រទេសថៃ។ រាជរដ្ឋាភិបាលថៃ បានជំរុញឲ្យមានអភិវឌ្ឍន៍ បច្ចេកវិទ្យា ដើម្បីកាត់បន្ថយការប្រើប្រាស់ជីកសិកម្ម ពិសេសជីគីមី ដែលវាអាចសន្សំសំចៃថ្លៃដើមបានប្រមាណ៥០%។ ជាមួយគ្នានោះ យើងក៏បានគិតគូពីបរិស្ថានផងដែរ ដោយជំរុញឲ្យមានការប្រើប្រាស់រថយន្តអគ្គីសនី។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១, ផលិតផលខ្មែរជាច្រើនមុខត្រូវបានកែច្នៃ និងវេចខ្ចប់កាន់តែល្អប្រសើរ និងអាចជួយបង្កើននូវតម្លៃបន្ថែមសម្រាប់ផលិតផលលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ជាមួយនោះ ឯកឧត្តម បានគាំទ្រដល់ការប្រើបច្ចេកទេសក្នុងការកាត់បន្ថយការប្រើប្រាស់ជី និងជម្រុញការប្រើរថយន្តអគ្គីសនី ដើម្បីការពារបរិស្ថានផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា កម្ពុជាបាននាំចេញផលិតផលកសិកម្មជាច្រើនមុខទៀត ដូចជាអង្ករ ស្វាយ មៀន គ្រាប់ស្វាយចន្ទី ដំឡូង។ល។ ទៅកាន់ប្រទេសជាច្រើនលើពិភពលោក ដូចជាប្រទេស អាមេរិក ចិន ជប៉ុន កូរ៉េ សហភាពអឺរ៉ុប។ល។ ដែលបានផ្តល់ជាប្រភពចំណូលដ៏សំខាន់ក្នុងខឿនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសមាគម SME ថៃ បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ដើម្បីជម្រុញ និងលើកស្ទួយផលិតផលខ្មែរ សំដៅធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner