មេដឹកនាំកូរ៉េខាងត្បូង ចង់ជំរុញការនាំចេញអាវុធនិងការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិ
សេអ៊ូល៖ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយោល បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ វិច្ឆិកា ថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការនាំចេញអាវុធ និងធានាឱ្យបាននូវបច្ចេកវិទ្យាការពារជាតិដ៏ទំនើប។ សេចក្តីប្រកាសរបស់លោក យូន នេះ ធ្វើឡើងនៅខណៈដែលលោក មានបំណងចង់កសាងឧស្សាហកម្មអាវុធរបស់កូរ៉េខាងត្បូង ឱ្យក្លាយទៅជាប្រទេសនាំចេញអាវុធធំទី៤ របស់ពិភពលោក។
លោក យូន បានរៀបចំកិច្ចប្រជុំមួយស្តីពី ការលើកកម្ពស់ការនាំចេញផ្នែកការពារជាតិជាលើកដំបូង រាប់ចាប់តាំងពីចូលកាន់តំណែងក្នុងខែឧសភាមក។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅរិះរកមធ្យោបាយផ្សេងៗ ដើម្បីផ្លាស់ប្តូរផ្នែកសំខាន់ៗនៃឧស្សាហកម្មនេះ។
«ឧស្សាហកម្មការពារជាតិ គឺជាម៉ាស៊ីននាំទៅរកភាពរីកចម្រើនថ្មីនាពេលអនាគត និងជាស្នូលនៃឧស្សាហកម្មបច្ចេកវិទ្យាទំនើប»។ នេះគឺជាការលើកឡើងរបស់មេដឹកនាំកូរ៉េខាងត្បូង នៅក្នុងអង្គប្រជុំដែលប្រារព្ធធ្វើឡើងនៅឯក្រុមហ៊ុន Aerospace Industries Ltd ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំងតែមួយគត់របស់កូរ៉េខាងត្បូង និងដែលមានទីតាំងនៅទីក្រុងសេកឈុន (Sacheon)។
«ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង សម្រាប់ឧត្តមភាពខាងបច្ចេកវិទ្យា យើងត្រូវធានានូវការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធដែលកំពុងវិវត្ត សម្រាប់សង្គ្រាមនាពេលអនាគត»។
ក្រោមហេតុផលនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយោល បានអំពាវនាវឱ្យមានការកែលម្អលក្ខខណ្ឌសម្រាប់ការស្រាវជ្រាវ និងការវិនិយោគ ដោយក្រុមហ៊ុនជំនាញផ្នែកការពារជាតិ និងការកសាងប្រព័ន្ធអេកូឡូស៊ីដែលអាចរីកចម្រើនដោយស្វ័យភាព តាមរយៈការជំរុញរចនាសម្ព័ន្ធឧស្សាហកម្មដែលផ្តោតលើការនាំចេញកាន់តែច្រើន។
គួរជ្រាបថា កិច្ចប្រជុំស្តីពីការលើកកម្ពស់ការនាំចេញផ្នែកការពារជាតិរបស់កូរ៉េខាងត្បូង បានធ្វើឡើងរយៈពេលបួនខែ បន្ទាប់ពីប្រទេសអាស៊ីបូព៌ាមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធដ៏ធំបំផុតមិនធ្លាប់មាន ជាមួយប្រទេសប៉ូឡូញដែលមានតម្លៃរហូតដល់ប្រមាណ ២០ទ្រីលានវ៉ុន (១៥ ពាន់លានដុល្លារ)។
កាលពីខែសីហា លោក យូន ក៏បានបង្ហាញផងដែរនូវគោលដៅក្នុងការពង្រីកឧស្សាហកម្មការពារជាតិរបស់កូរ៉េខាងត្បូង ឱ្យទៅជាប្រទេសធំជាងគេទីបួនរបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងបារាំង។
មេដឹកនាំកូរ៉េខាងត្បូងរូបនេះ បាននិយាយថា ប្រទេសកាន់តែច្រើនរួមទាំង អូស្ត្រាលី និងន័រវែស កំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ដែលនឹងជួយពង្រឹងសមត្ថភាពរបស់កូរ៉េខាងត្បូងក្នុងការទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ ហើយ ការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនេះ គឺជាការរួមចំណែកជួយដល់សន្តិភាព និងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖ South Korea’s Yoon looks to boost arms exports, develop defence tech