កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកាន់តែខ្លាំង
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅដើមខែក្រោយ ពោលគឺនៅដើមខែធ្នូ ខាងមុខនេះ។ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ នឹងបង្កើនទំហំពាណិជ្ជកម្ម និងពង្រីកការវិនិយោគរវាងកម្ពុជា និងកូរ៉េកាន់តែខ្លាំង។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) សម្រាប់ការនាំចេញ កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីការអនុវត្តកិច្ចព្រមព្រៀង CKFTA ជាពិសេសជំរុញដល់កំណើនការនាំចេញតាមរយៈការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមកិច្ចព្រមព្រៀង CKFTA។
លោក បន្តថា កិច្ចព្រមព្រៀងនេះ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់។ មិនតែប៉ុណ្ណោះ លោកថា នៅក្រោមកិច្ចព្រមព្រៀង CKFTA កម្ពុជាបានបើកទីផ្សារចំនួន ៨៩,០៩ភាគរយ នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន ៩៥,០៣ភាគរយ នៃបន្ទាត់ពន្ធគយសរុប ដែលក្នុងនោះកម្ពុជានឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមានចំនួន ៩២,៣៧ភាគរយ នៃបន្ទាត់ពន្ធគយសរុប។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា ក្រោយកិច្ចព្រមព្រៀង CKFTA បានចូលជាធរមាននាពេលខាងមុខនេះ នឹងជួយបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងងបង្កើតកាលានុវត្តភាពនាំចេញថ្មីៗបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង មានតម្លៃជាង ៦០០លានដុល្លារ ពោលគឺកើនឡើង ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េមានតម្លៃ ១៧៥លានដុល្លារ កើនឡើង២១ភាគរយ និងនាំទំនិញពីកូរ៉េមកវិញក្នុងតម្លៃ ៤២៦លានដុល្លារ ថយចុះ៣ភាគរយ។
ពាក់ព័ន្ធនឹងការចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នេះដែរ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូងឯកឧត្តម យូន ស៊ុកយោល (Yoon Suk-yeol) ក៏បានសាទរចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកើនឡើងនូវការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ហើយនិងមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវទំហំពាណិជ្ជកម្មទ្វេភាគី ពិសេសនឹងជំរុញឱ្យមានការវិនិយោគរបស់កូរ៉េច្រើនថែមទៀតនៅកម្ពុជាផងដែរ។
ថ្លែងក្នុងជំនួបពិភាក្សាការងារកម្ពុជា-កូរ៉េ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ដោយរីករាយចំពោះការកើនឡើងនូវការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ដែលធ្វើឱ្យកូរ៉េឈរនៅលេខរៀងទី២ ក្នុងចំណោមដៃគូវិនិយោគធំៗរបស់កម្ពុជា ខណៈសម្តេចតេជោ ក៏បានស្នើដល់ឯកឧត្តមប្រធានាធិបតី យូន ឱ្យលើកទឹកចិត្តជំរុញការវិនិយោគរបស់កូរ៉េ ឱ្យកាន់តែច្រើនថែមទៀតនៅកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានអនុវត្តពេញលេញ។
សូមរម្លឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA នេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អតីតប្រធានាធិបតី មូន ចែអ៊ីន នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩កន្លងទៅ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ខណៈកិច្ចព្រមព្រៀងនេះដែរក៏នឹងត្រូវចូលជាធរមាន ហើយចាប់អនុវត្តជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
យ៉ាងណាមិញ តាមរយៈកិច្ចព្រមព្រៀងនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបានបង្ហាញក្ដីរំពឹងទុកថានឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ ពិសេសចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារតែវិបត្តិកូវីដ១៩ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន៕
ដោយ៖ បូរ ពេជ្រហ្សាលីន