ទស្សនៈយុវជនខ្មែរ៖ ល្ខោនខោលបានចូលជាបេតិកភណ្ឌរួចហើយ អ្វីដែលនៅសល់គឺការចូលរួមគាំទ្ររបស់យើងទាំងអស់គ្នា
ភ្នំពេញ៖ល្ខោនខោលរបស់ខ្មែរបើគិតមកដល់ពេលនេះគឺត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកអស់ រយៈពេលបួនឆ្នាំហើយ ក៏ជារយៈពេលដែលការចម្រូងចម្រាសរវាងប្រជាជនខ្មែរ និងថៃបានស្ងប់ស្ងាត់ទៅវិញដែរ។
ដោយឡែក ឆ្នាំនេះក៏ជាពេលវេលាដែលមានការប្រារព្ធការសម្ដែងផ្សេងៗ ក្នុងឱកាសគម្រប់ខួប៤ឆ្នាំនៃការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ល្ខោនខោល។ នៅល្ងាចថ្ងៃទី ២៥នេះ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ដឹកនាំដោយលោកគ្រូ ហង់ ភូមិរ៉ា ហៅ យាយកន្តែរ៉ែ នឹងសម្ដែងល្ខោនខោល ដោយមានការបើកឱ្យចូលទស្សនាដោយមិនគិតប្រាក់ឡើយ។
មិនត្រឹមតែមានការសម្ដែងប៉ុណ្ណោះទេ មហាជនដែលចូលរួមនឹងមានឱកាសស្គាល់កាន់តែច្បាស់សមិទ្ធផលសិល្បៈ របស់ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មីដូចជា សម្លៀកបំពាក់ ខ្មុក និងឧបករណ៍ភ្លេងនានា តាមរយៈការតាំងពិព័រណ៍នៅក្នុងបរិវេណកម្មវិធីទាំងមូល ដែលកម្មវិធីនឹងធ្វើឡើងនៅនៅអគារខេមរានី ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
មុននឹងព្រឹត្តិការណ៍នេះចាប់ផ្តើមយុវជនពីររូបដែលបានចូលរួមទស្សនាការសមឆាកកាលពីល្ងាចថ្ងៃទី ២៤វិច្ឆិកាម្សិលមិញនិងដែលមានវត្តមាននៅក្នុងការសម្ដែងជាផ្លូវការដែរនោះ បានបង្ហាញអារម្មណ៍រំភើប និងប្លែកជាខ្លាំងទៅលើទស្សនីយភាពថ្មីៗ ដែលពួកគេមិនដែលមានទស្សនាពីមុនមកសោះ។
កញ្ញា ម៉ាន់ ហ៊ុយលាង បានរៀបរាប់ថា៖ «សមឆាកល្ងាចមិញគឺមែនទែន! ប្លែកពីល្ខោនទូទៅ រាល់ដងធ្លាប់មើលតែល្ខោនបាសាក់ ល្ខោនតាមវត្ត តែដោយឡែកល្ខោននេះគេដកស្រង់ចេញពីរឿងរៀមកេរ្តិ៍ ដែលចេញពីអក្សសិល្ប៍មួយ ទើបធ្វើឱ្យវាកាន់តែប្លែកភ្នែក»។
កញ្ញាក៏បានបញ្ជាក់ផងដែរជុំវិញការចូលរួមរបស់មហាជនក្នុងការគាំទ្រព្រឹត្តិការណ៍មួយនេះ ដោយថា៖ «ការរកាំរកូសកន្លងទៅ គឺមកពីការមិនស្គាល់របស់ខ្លួនឯងច្បាស់ តែបន្ទាប់ពីដាក់ចូលជាសម្បត្តិបេតិកភណ្ឌរួចហើយ យើងគួរតែមកគាំទ្រទាំងអស់គ្នា…ថ្នាក់ក្រសួងគេបានបំពេញភារកិច្ចការពារសម្បត្តិខ្មែរយើងរួចហើយ អ្វីដែលនៅសល់គឺជាការចូលរួមយល់ដឹងទាំងអស់គ្នា»។
លោក នឿន សុធា ឯណោះវិញក៏មិនខុសគ្នាប៉ុន្មានដែរ ដោយលោករៀបរាប់ថា៖ «ខ្ញុំធ្លាប់តែមើលការប្រគុំតន្ត្រី តែល្ងាចមិញនេះខ្ញុំបានឃើញការសមឆាកល្អមែនទែន! ខ្ញុំនិងមិត្តភក្កិផ្សេងទៀតមានអារម្មណ៍ព្រឺសម្បុរខ្ញាកៗតែម្ដង»។
លោកបញ្ជាក់ថា អ្វីដែលលោកបានឃើញកាលពីថ្ងៃទី២៤ ម្សិលមិញនេះគ្រាន់តែជាការសមឆាកប៉ុណ្ណោះ ប៉ុន្តែទិដ្ឋភាពទាំងមូលពិតជារលូន និងល្អបាត់ទៅហើយ ទម្រាំតែថ្ងៃនេះដែលជាថ្ងៃសម្ដែងផ្លូវការ លោករំពឹងខ្ពស់ថានឹងកាន់តែល្អថែមទៀត។
ដូច្នេះហើយ លោកយកឱកាសនេះអំពាវនាវដល់មហាជនឱ្យចូលរួមដោយកុះករ ខណៈដែលកម្មវិធីនេះមិនមានគិតប្រាក់ទេ ម្យ៉ាងទៀតជាការបង្ហាញការគាំទ្រក្នុងនាមយើងជាម្ចាស់សម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញនេះ។
ពិតណាស់ ការសម្ដែងល្ខោនខោលដែលនឹងប្រារព្ធឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃនេះ នឹងមានការដកស្រង់ត្រង់ឈុត “ត្រីមេឃក្នុងរឿងរាមកេរ្តិ៍”អមជាមួយការសម្ដែងរបាំក្បាច់បុរាណ ជាព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏ធំបំផុតមួយ។
គួររំលឹកថា កាលពីឆ្នាំ២០១៦ កន្លងទៅ មានការបង្ហោះឌឺដងពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករបស់ប្រជាជនកម្ពុជាមួយចំនួន និងបន្ទាបតម្លៃល្ខោន ខូន (Khon) របស់ប្រទេសថៃ បន្ទាប់ពីក្រសួងវប្បធម៌នៃប្រទេសថៃគ្រោងដាក់ល្ខោនខូនដែលមានទម្រង់ស្រដៀងទៅនឹងល្ខោនខោលចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ ប៉ុន្តែយ៉ាងណា ល្ខោនខោលខ្មែរបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពីរឆ្នាំបន្ទាប់។
គួរឱ្យដឹងថា សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមមាន៖ផ្នែករូបិយមានដូចជា៖ ប្រាសាទនៅតំបន់អង្គរ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ ប្រាសាទព្រះវិហារ ត្រួវបានដាក់បញ្ចូលកាលពី ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៩ ។ ប្រាសាទសម្បូរព្រៃគុក ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧។
ផ្នែកអរូបិយមានដូចជា៖ របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។ ល្ខោនស្រមោលស្បែកធំ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥។ រឿងរាមកេរ្តិ៍តាគ្រុឌ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៤។ ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥ ។ ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។ ល្ខោនខោល ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស៕ ដោយ៖ កែវ បុស្បា