រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ ចុះហត្ថលេខាលើអនុស្សារណៈ (Video Inside)
ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា និងប្រធានរដ្ឋសភានៃប្រទេសឡាវ បានចុះហត្ថលេខា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាកាន់តែទូលំទូលាយ។ ការចុះកិច្ចហត្ថលេខាលើអនុស្សារណៈបានធ្វើឡើងនៅថ្ងៃទី២៥ វិច្ឆិកា ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចប្រធានសភាឡាវ បណ្ឌិត សាយ សំភូន ភូមវិហាន តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាកម្ពុជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។
អនុស្សារណៈនេះ មានខ្លឹមសារលើ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយកាន់តែខ្លាំងឡើងនៅគ្រប់កម្រិត ទាំងក្រប ខណ្ឌទ្វេភាគីនិងពហុភាគីនៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍ប្រទេសទំាងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង។
កម្ពុជានិងឡាវមានទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។
សម្តេចប្រធានរដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះ បានចាត់ទុកការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ថាជាការរួមចំណែកបន្ថែមដល់ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាពសាមគ្គី ភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានជាង ៦០ឆ្នាំមកនេះ។
កម្ពុជានិងឡាវដែលមានខ្សែបន្ទាត់ព្រំដែនរួម គ្នាប្រវែង ៥៤០គីឡូម៉ែត្រ គ្រោងនឹងធ្វើការបោះ បង្គោលព្រំដែនរួមគ្នាចំនួនសរុប១៤៥បង្គោល។ ប៉ុន្តែភាគីទាំងពីរ ទើបបានសម្រេចលើការបោះបង្គោលព្រំដែនចំនួន១២១ បង្គោលដែលស្មើនឹង៨៦% តែប៉ុណ្ណោះ។
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានទទួលសំណើ របស់ប្រធានសភាឡាវដែលបានអញ្ជើញក្នុងការចូលរួមកិច្ចប្រជុំកំពូលបីប្រទេស នៃតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដែលរដ្ឋសភាឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះ។