អដ្ឋិធាតុយុទ្ធជនតស៊ូ៤៩នាក់ធ្វើមាតុភូមិនិវត្តន៍ពីវៀតណាមមកទឹកដីកម្ពុជា (Video Inside)
អដិ្ឋធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៤៩រូប ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាមហើយ។ គួរបញ្ជាក់ថាក្នុងអម្លុងកាលដឹកនាំតស៊ូ ដើម្បីធ្វើការរំដោះប្រទេសជាតិ មានយុទ្ធជនតស៊ូរបស់កម្ពុជា នៃអង្គភាព១២៥ ដែលបង្កើតដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពលិជីវិត និងអដ្ឋិធាតុរបស់យុទ្ធជនតស៊ូទាំង នោះត្រូវបានរក្សាទុកក្នុងវិមានអនុស្សាវរីយ៍មួយនៅក្នុងឃុំឡុងយ៉ាវ ស្រុកឡុងខាញ់ ខេត្តដុងណាយ។
ប្រវត្តិនៃយុទ្ធជនតស៊ូទាំង៤៩នាក់នោះ ត្រូវប្រវត្តិសាស្ត្របានកត់ត្រានៃការ បង្កើតអង្គភាព១២៥ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃចលនាតស៊ូរំដោះប្រទេសកម្ពុជា ចេញពីយុគខ្មៅងងិតនៃសម័យរបបខ្មែរក្រហមប៉ុលពត។
អដ្ឋិធាតុរបស់យុទ្ធជនតស៊ូទាំងឡាយនោះ ត្រូវបានយកមករក្សាទុកក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦ នៅឃុំទន្លូង ស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានក្រុមការងារបច្ចេកទេស នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារក្នុងការចូលរួមកម្មវិធីមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនទាំង៤៩រូបនោះ ពីវៀតណាមមកកាន់តំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X១៦ នៃស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិថ្ងែទី២០ មិថុនា ឆ្នាំ១៩៧៧ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលទីបំផុតបានផ្តួលរំលំរបបកាប់សម្លាប់មនុស្សនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។