គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ប្រអប់បណ្តឹងតាមមណ្ឌលអប់រំកែប្រែ (Video Inside)
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ប្រអប់បណ្តឹងនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារដែលវិធីនេះ ត្រូវគេចាត់ទុកថាដើម្បី លើកកម្ពស់ការគោរព និងការការពារសិទ្ធិ សេរីភាពរបស់ជនជាប់ឃុំ។
ការដាក់ប្រអប់បណ្តឹង បានធ្វើឡើងដោយប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២ នៅមណ្ឌលអប់រំកែប្រែទី១, មណ្ឌលអប់រំកែប្រែទី២ និងនៅពន្ធនាគាររាជធានីភ្នំពេញ។
យោងតាមមន្ត្រីសិទ្ធិមនុស្ស តាមរយៈប្រអប់បណ្តឹងនេះ ជនជាប់ឃុំគ្រប់រូបអាចដាក់ពាក្យបណ្ដឹងតវ៉ារបស់ខ្លួនដោយសម្ងាត់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានាក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តនូវសិទ្ធិ សេរីភាពរបស់ខ្លួន ជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពិនិត្យអង្កេត និងដោះស្រាយ។
ការដាក់ប្រអប់បណ្តឹងចំនួន៣ទីតាំងទាំងនេះ ត្រូវគេចាត់ទុកថាគឺជាចំណុចចាប់ផ្ដើម និងជាគម្រោងសាកល្បងមុនពេលឈានដល់ការសម្រេចដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅគ្រប់បណ្តាពន្ធនាគារទូទាំងរាជធានី-ខេត្ត។