ស្ថាប័នប្រឆាំងអំពើពុករលួយ១០ប្រទេស ក្នុងអាស៊ានអនុម័តឯកសាររួមគ្នា (Video Inside)
ស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសក្នុងតំបន់អាស៊ាន បានអនុម័តឯកសារស្តីពីការរួមគ្នា ប្រឆាំងអំពើពុករលួយក្នុងតំបន់។ ការអនុម័តឯកសាររួមគ្នានេះ បានធ្វើឡើងក្រោយមានកិច្ច ប្រជុំស្ថាប័នប្រឆាំងអំពើពុករលួយ នៃប្រទេសអាស៊ានលើកទី១៨ទាំងអស់រវាងពីថ្ងៃទី២២ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ឯកសារដែលបានអនុម័តនោះរួមមាន ឯកសារអនុស្សរណៈ នៃការយោគយល់គ្នារបស់អាស៊ាន-ផេកASEAN-PAC។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងនៅថ្ងៃសុក្រនេះថាការអនុម័តឯកសារ ASEAN-PAC ដែលជាឯកសារថ្មីកំពូលរបស់អាស៊ានផេកនោះ គឺបានរៀបចំថ្មីឡើងវិញ ខណៈថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន បានសម្រេចឯកភាពគ្នាប្តូរឈ្មោះពី ស្ថាប័នប្រឆំាងអំពើពុករលួយអាស៊ីអាគ្នេយ៍ មកដាក់ឈ្មោះ ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានវិញ ដែលហៅកាត់ថា ASEAN-PAC នៅក្នុងអំឡុងពេលដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។
ឯកសារដែលបានអនុម័ត ក្នុងកិច្ចកិច្ចប្រជុំ ក៏មានអនុស្សារណៈការយោគយល់គ្នារវាងកម្ពុជានិងថៃ និងរវាងកម្ពុជានិងមីយ៉ាន់ម៉ា ដើម្បីពង្រីកកិច្ចទំនាក់ទំនងនិងជួយគ្នាលើសកម្មភាពប្រឆាំងអំពើពុករលួយទ្វេភាគី។
កិច្ចប្រជុំដដែល នៅបានលើកយកឯកសារកូនសៀវភៅអេឡិកត្រូនិក អាស៊ាន-ផេក មួយទៀតយកមកពិភាក្សាគ្នាផងដែរ ដែលឯកសារនេះផ្ដួចផ្ដើម រៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ហើយឯកសារនោះ អាចនឹងទទួលការអនុម័តនៅ កិច្ចប្រជុំលើកក្រោយ។
គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា នឹងបន្តធ្វើជាម្ចាស់ ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានផេក រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣ ហើយបន្ទាប់ទៅ គឺប្រទេសឡាវ នឹងទទួលធ្វើជាម្ចាស់ផ្ទះបន្តវេន៕