នាយកជំនួយរបស់កូរ៉េខាងត្បូងបង្ហាញគម្រោងកសាងមន្ទីរពេទ្យបង្អែកដង្កោជើងឯក (Video Inside)
នាយកជំនួយ នៃអង្គការមួយរបស់កូរ៉េខាងត្បូង បានបង្ហាញនូវគម្រោងមួយដែលត្រៀមនឹងកសាងមន្ទីរពេទ្យបង្អែកមួយស្ថិតក្នុងខណ្ឌដង្កោ។ ការបង្ហាញនូវគម្រោងចង់ កសាង «មន្ទីរពេទ្យបង្អែកដង្កោជើងឯក» តាមរយៈជំនួយ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើ ឡើងក្នុងជំនួបពិភាក្សាមួយរវាងអភិបាលរាជធានីលោក ឃួង ស្រេង ជាមួយនឹងនាយក ទីភ្នាក់ងារKOICA លោករ៉ូយុន ជុនRhoHyun Jun នាព្រឹកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២២។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានថ្លែងចាត់ទុកជំនួយ របស់កូរ៉េខាងត្បូងកសាង មន្ទីរពេទ្យបង្អែកជើងឯក គឺជាជំនួយដែលរាជធានីភ្នំពេញចង់ បានបំផុត។
លោកអភិបាលរាជធានី បានថ្លែងថាការកសាងមន្ទីរពេទ្យបង្អែកនោះ នឹងជួយ លើកកំពស់ សុខមាលភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជួយពលរដ្ឋមកពីតាមបណ្តា ខេត្តនានា ដែលកំពុងត្រូវការសេវាសុខាភិបាលនៅរាជធានីភ្នំពេញ។
អភិបាលរាជធានីបាន បង្ហាញពីការគាំទ្រពេញទំហឹងនឹងផ្តល់កិច្ចសហការដល់ដំណើរការគម្រោងកែលំអមន្ទីរពេទ្យ បង្អែកជើងឯកនេះទៅតាមស្តង់ដារបច្ចេកទេសដែលរំពឹងថានឹងមានកំពស់លើសពី៤ជាន់។
នាយកអង្គការ Koica បានថ្លែងថា លោកបានដាក់ចេញគម្រោងចំនួនបី រវាងពីឆ្នាំ២០២៤ ដល់ ២០២៩ ក្នុងនោះរួមមាន៖ ការសាងសង់អាគារថ្មី, ការបំពាក់ឧបករណ៏បរិក្ខាពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិកមន្ទីរពេទ្យ។
នាយកអង្គការកូរ៉េខាងត្បូងដដែល បានអោយដឹងទៀតថា៖ គម្រោងនេះគ្រោងនឹងចំណាយថវិកា១១លានដុល្លាអាមេរិក។ លោកបានថ្លែងចាប់អារម្មណ៍លើការមានមន្ទីរពេទ្យបង្អែកនេះ នឹងទាក់ទាញចំពោះអ្នកជំងឺ ដែលមិនចង់ទៅរកសេវាក្នុងមន្ទីរពេទ្យធំៗនៅកណ្តាលក្រុង។ លោកបញ្ជាក់ថាដូច្នេះការបំពាក់បរិក្ខាពេទ្យ, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមនឹងក្រុមគ្រូពេទ្យជំនាញ គឺជារឿងចាំបាច់ដែលត្រូវធ្វើ៕