ក្រសួងប្រៃសណីយ៍ចាត់ក្រុមការងារចុះពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរគមនាគមន៍នៅ បុរី ប៉េង ហួត និងស្វែងយល់ពីមតិយោបល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ចំនួន ៣២៥រូប បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី ប៉េង ហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា ៖បន្ថែមលើការងារបច្ចេកទេសដែលអ្នកជំនាញបានប្រើឧបករណ៍វាស់ស្ទង់ជាបន្តបន្ទាប់ ការចុះត្រួតពិនិត្យនេះ មានគោលបំណង ដើម្បីធ្វើការឈ្វេងយល់ពីបទពិសោធជាក់ស្ដែងរបស់អ្នកប្រើប្រាស់ពីការប្រែប្រួលនៃគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរសព្ទ បន្ទាប់ពីក្រុមការងារបានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន ១២បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន ៣ក្រុមហ៊ុន ។

គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានីយ៍អង់តែនបន្ថែមចំនួន ២៨ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ១០ ស្ថានីយ៍, ក្រុមហ៊ុន Metfone ចំនួន ៦ ស្ថានីយ៍, និងក្រុមហ៊ុន Smart ចំនួន ១២ ស្ថានីយ៍។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

ប្រភពខាងលើនេះបានបញ្ជាក់ថា៖សមាជិកក្រុមការងារទាំង ៣២៥ រូប បានស្ទង់មតិ និងប្រមូលព័ត៌មានពីប្រជាពលរដ្ឋដោយផ្ទាល់នៅតាមផ្ទះនៅគ្រប់គម្រោង សំដៅជំរុញការដោះស្រាយបញ្ហាសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner