មេដឹកនាំអឺរ៉ុបធ្វើទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន

កៀវ៖ ក្រុមមេដឹកនាំអឺរ៉ុបបានធ្វើទស្សនកិច្ចមកកាន់ទីក្រុងកៀវ ស្ថិតក្នុងគោលបំណងបង្ហាញសាមគ្គីភាព ខណៈដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងរដូវរងាដ៏អាក្រក់ ហើយហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ ក៏ត្រូវបានខូចខាតយ៉ាងខ្លាំង ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីជាបន្តបន្ទាប់។

ក្រុមមេដឹកនាំអឺរ៉ុបខាងលើនេះ មានដូចជានាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក ប៉ូឡូញ និងលីទុយអានី បានមកដល់រដ្ឋធានីអ៊ុយក្រែន ក្នុងថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។

បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេ លោក De Croo បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរបស់គាត់នឹងបន្តផ្តល់ការគាំទ្រសម្រាប់អ៊ុយក្រែន។ លោកថា ឥឡូវនេះគឺជាពេលវេលាដ៏សំខាន់មួយ ដើម្បីសន្យាបន្តការគាំទ្ររបស់ប៊ែលហ្ស៊ិកសម្រាប់ប្រជាជនអ៊ុយក្រែន ខណៈពួកគេប្រឈមមុខនឹងស្ថានភាពដ៏លំបាកបំផុត។ ទន្ទឹមគ្នា ក្រុមមេដឹកនាំក៏បានពិភាក្សាគ្នា ជុំវិញការនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារពិភពលោក។

គួរបញ្ជាក់ថា ប្រភពពីរុស្ស៊ីមួយចំនួនបានបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលខ្លួនកំពុងពិភាក្សាអំពីលទ្ធភាពនៃការកៀរគរកងទ័ពថ្មី បន្ទាប់ពីការប្រកាសរបស់ទីក្រុងម៉ូស្គូ អំពីការចល័តផ្នែកខ្លះនៃក្រុមយោធាបម្រុងនៅក្នុងខែកញ្ញា។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ុយក្រែនបានដកស្រង់ប្រភពយោធាអ៊ុយក្រែនថា ឯកសារដែលបានចែកចាយក្នុងចំណោមបុគ្គលិកយោធារុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីត្រូវការចល័តទ័ពចំនួន ៥លាននាក់ ដើម្បីឈ្នះសង្រ្គាម។ ប៉ុន្តែអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េសស្កូវ បានបដិសេធម្តងហើយម្តងទៀតនូវការអះអាងខាងលើនេះ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner