សេដ្ឋវិទូ៖ សេដ្ឋកិច្ចចិនឆ្នាំក្រោយនឹងមិនងើបឡើងភ្លាមទេ ទោះបីជា «សូន្យកូវីដ» ត្រូវដកចេញក៏ដោយ

ចិន៖​​​កំណើន​សេដ្ឋកិច្ច​របស់​​ចិន​​​ទំនងនឹង​​​ជាប់​គាំង​ទាំង​ស្រុង​នៅ​ឆ្នាំ​ក្រោយ​ ​បើ​ទោះ​បី​ជា​គោល​នយោបាយ​​សូន្យ​កូវីដ​​ត្រូវដក​ចេញ​​ក៏​ដោយ​ ដោយ​សារ​តែ​ផល​ប៉ះ​ពាល់នា​​ពេល​បច្ចុប្បន្ន​នៅ​បន្ត​​​ជះ​ឥទ្ធិពលធ្ងន់​ធ្ងរ​​ដោយ​មិន​អាច​ជៀស​រួច​ ​​ទម្រាំ​តែ​សេដ្ឋកិច្ច​​ស្ទុះ​ងើប​​​​ពី​ភាព​ត្រដាប​ត្រដួស​ឡើង​វិញ​​​បាន​ដូច​ដើម​។ នេះ​បើ​​​តាម​ការ​ព្រមាន​របស់​អ្នក​សេដ្ឋវិទូ​។ ​

​ទោះ​បី​​ជា​មាន​​​ការ​បិទ​ខ្ទប់ដ៏​​​តឹង​រ៉ឹង​ ការ​​​ធ្វើ​​តេស្ត​រក​កូវីដ​ និងការធ្វើ​​​​ចត្តាឡីស័ក​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​​​ឱ្យ​មាន​ប្រសិទ្ធិភាព​ក៏​ដោយ​ ក៏​អ្នក​សេដ្ឋកិច្ច​ភាគ​ច្រើន​មិន​រំពឹង​ថា​ ប្រទេស​ចិន​នឹង​បើក​ដំណើរការ​ឡើង​វិញ​ទាំង​ស្រុង​​នា​ពេល​ឆាប់​នោះ​​​ដែរ​​​។ នា​ពេល​នេះ​ ​ករណី​ឆ្លង​រាល​ដាល​​​នៃ​កូវីដ​នៅ​ចិន​​​កំពុង​កើន​ឡើង​យ៉ាង​អាក្រក់​ ហើយ​របាយការណ៍​ពី​​ក្រុមហ៊ុនហិរញ្ញវត្ថុ​​ Nomura ​​បាន​បង្ហាញ​ថា​ ច្រើន​ជាង​១/៥​​នៃ​​​​​តំបន់​​​​សេដ្ឋកិច្ច​ដែល​បម្រើ​ឱ្យ​​​​​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) ​របស់ចិន​​​ កំពុង​ស្ថិត​នៅ​ក្រោយ​ការ​បិទ​ខ្ទប់​។

​ប្រធាន​សេដ្ឋវិទូ​ចិន​​របស់​​ក្រុមហ៊ុន​ Nomura ដែល​បាន​ព្យាករ​ថា​កំណើន​សេដ្ឋកិច្ច​ចិន​នឹង​​មាន​ត្រឹម​ ៤,៣ ភាគ​រយ​នៅ​​ឆ្នាំ​ ២០២៣ លោក Lu Ting បាន​​បង្ហាញ​ការ​យល់​ឃើញ​ប្រាប់​កាសែត​ South China Morning Post ថា៖ «​ដោយ​សារ​តែ​​គោល​នយោបាយ​សូន្យ​កូវីដ​ ​គោល​នយោបាយ​ផ្សេង​ទៀត​​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​​ ​គឺ​គ្មាន​ប្រសិទ្ធិ​ភាព​»​។ ​

​ផ្ទុយ​ទៅ​វិញ​​ ​លោក​ Lu ​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​រំពឹង​ទុក​ដោយ​ងងឹត​ងងុល​ ចំពោះ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​ បើ​ទោះ​បី​ជា​​ចិន​ ​អាច​​នឹង​​បើក​ដំណើរ​ការ​ឡើង​វិញ​ទាំង​ស្រុង​នៅ​ចុង​ត្រីមាស​ទី​១​ឆ្នាំ​ក្រោយ​ក៏​ដោយ​​។​

សេដ្ឋវិទូ​ដដែល​បាន​ប្រមាន​យ៉ាង​ដូច្នេះ​ថា​៖ «​​​​នៅ​ពេល​ដែល​ចំនួន​នៃ​​ការ​ឆ្លង​(កូវីដ-១៩)​កើន​ឡើង​យ៉ាង​ឆាប់​រហ័សនោះ​​ វា​នឹង​​​បង្ក​ការ​​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ប្រព័ន្ធ​សុខាភិបាល​ និង​សង្គម​ទាំង​មូល​​។ ​​​ការ​ឆ្លង​ទ្រង់​​ទ្រាយ​​ធំ​ នឹង​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​​លើ​ការ​ប្រើ​ប្រាស់​ ផលិតកម្ម​ និង​ការ​ដឹក​ជញ្ជូន​»​​​។

លោក Lu ​បាន​បន្ថែម​ទៀត​ថា​ ​ផល​វិជ្ជមាន​​ដ៏សំខាន់​បំផុត​​​នៅ​ពេល​ចិន​​​បើក​ដំណើរ​ការ​ប្រទេស​​ឡើង​វិញ​​ ដែល​​រួម​មាន​ទាំង​ការ​ស្ទុះ​ងើប​ជាថ្មី​​នៃ​ការ​ប្រើ​ប្រាស់​ ជា​ពិសេសលើ​​វិស័យ​សេវាកម្ម​នោះ​ ​អាច​កើត​ឡើង​តែ​នៅ​ក្នុង​ត្រីមាស​ទី​ ៣​ ឬ​ទី​ ៤​ នៃ​ឆ្នាំ​ក្រោយ​ប៉ុណ្ណោះ​។​

ភ្ជាប់​ជាមួយ​​​នឹង​ការ​ប្រមាន​​នេះ​​ ​សេដ្ឋវិទូ​មក​ពី​ក្រុមហ៊ុន​​​ធនាគារ​វិនិយោគ ​​Goldman Sachs ​បាន​ដាក់​ការ​ព្យាករ​ណ៍​ថា​ ​​​ចិន​ទំនង​ជា​មិន​បើ​ក​ប្រទេស​ឡើង​វិញ​នៅ​ត្រីមាស​ទី​១​​​នៃ​ឆ្នាំ​ ២០២៣​ នោះ​ទេ​។  ​ក្រុម​សេដ្ឋវិទូ​នេះ​​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​របស់​ខ្លួន​​មួយ​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ថា​៖ «​​​​សេដ្ឋកិច្ច​ចិន​ទំនង​ជា​នឹង​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ឆមាស​ទី​១​ និង​ទី​២​ ​នៅ​​ឆ្នាំ​ក្រោយ។​ ដោយ​សារ​ដំណាក់​កា​ល​ដំបូង​នៃ​ការ​បើកប្រទេស​​ឡើង​វិញ​របស់​ចិន​ ​អាច​មាន​ភាព​អវិជ្ជមាន​ចំពោះ​កំណើន​សេដ្ឋកិច្ច​ ដោយ​​សា​រតែ​ការ​​​​​​​កើន​​ឡើង​នៃ​ការ​​ឆ្លង​កូវីដ​ ​និង​​​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន ធ្លាក់​ចុះ​​​ជាបណ្តោះអាសន្ន ដែល​រូប​ភា​ព​បែប​នេះ​​ស្រដៀង​គ្នា​​ទៅ​នឹង​អ្វី​ដែល​ប្រទេស​អាស៊ី​បូព៌ា​ផ្សេង​ទៀត​បាន​ជួប​ប្រទះ​ នៅ​ពេល​បើក​ប្រទេស​ឡើង​​​វិញ»។ ​

យ៉ាង​​ណា​មិញ​ ក្រុម​សេដ្ឋវិទូ​របស់​ក្រុម​ហ៊ុន​អាមេរិក​ដដែល​​បាន​រំពឹង​ថា​ កា​រ​វិនិយោគ​នឹង​នៅ​តែ​រឹង​មាំ​នៅ​ក្នុង​ឆមាស​ទី​​១​​នៃឆ្នាំ ខណៈ​​ដែល​ការ​ប្រើ​ប្រាស់​ និង​សេវាកម្ម​ នឹង​ក្លាយ​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅ​ក្នុង​ឆមាស​ទី​២​ ដែល​រួម​ចំណែក​ដល់​កំណើន​ ៤,៥ ភាគរយ​​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ចិន​នៅ​ឆ្នាំ​ ២០២៣។ ​

សូម​​​​​បញ្ជាក់​ថា​ ​សេដ្ឋកិច្ច​ចិន​ ដែល​ឈរ​នៅ​លំដាប់​ទី​២​​ធំ​បំ​ផុត​របស់​ពិភព​លោក​ ​​បាន​កើន​ឡើង​ ៣,៩ ភាគរយ​នៅ​ក្នុង​ត្រី​មាស​ទី​៣​នៃ​ឆ្នាំ​ ២០២២​នេះ​ ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ ហើយ​អត្រា​នេះ​បាន​ហក់​ឡើង​ពី​ ០,៤ ភាគរយ​នៅ​​ត្រី​មាស​ទី​២​។ នេះ​បើ​យោង​តាម​ទិន្ន​ន័យ​​​ពី​​​​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ប្រទេស​ចិន​។

​ប្រធាន​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន​គ្រប់​គ្រង​ការ​វិនិយោគ​ Pinpoint Asset Management ​លោក​ Zhang Zhiwei ​បាន​ថ្លែង​ប្រាប់​កាសែត​​ South China Morning Post ​ថា​ ​ទោះ​មាន​ការ​យល់​ឃើញ​ដូច​គ្នា​​ក្នុង​ចំណោម​អ្នក​វិភាគ​​​ថា​ សេដ្ឋកិច្ច​របស់​ចិន​​នឹង​ចុះ​ខ្សោយ​នៅ​ក្នុង​ឆមាស​ទី១​នៃ​ឆ្នាំ​ក្រោយ​​មុន​ពេល​វាងើប​មក​​​ដំណើរ​ការ​ធម្មតាវិញ​​នៅ​​ឆមាស​ទី​២​ក៏​ដោយ​​ ក៏​ភាព​មិន​ប្រាកដ​ប្រជា​នៅ​តែ​បន្ត​កើន​ឡើង​។​

​លោក​ Zhang ​បាន​​លើក​ឡើង​ថា​៖ «​ប្រសិន​បើ​ [​ការ​​​​ដក​ចេញ​នូវ​គោល​នយោបាយ​សូន្យ​កូវីដ​] ​មាន​ភាព​យឺត​យ៉ាវ​ ឬ​គោល​នយោបាយ​នេះ​ដើរ​​ថយ​ក្រោយ​ ​វា​នឹង​មាន​ការ​ចោទ​សួរ​​ដ៏​ធំ​មួយ​អំពី​ថា​តើ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ចចិន​​ នឹង​សម្រេច​បាន​នៅ​ឆមាស​ទី​២​​ឬ​យ៉ាង​ណា​»​។

នា​ពេល​នេះ​ ទីក្រុង​ប៉េកាំង​មិន​ទាន់​ផ្តល់​​សញ្ញា​​ជា​ផ្លូវ​ការ​ណា​មួយ​អំពី​ពេល​​ណាមួយ​​ ឬ​ថា​តើ​ខ្លួន​នឹង​ដក​ចេញ​គោល​នយោបាយ​សូន្យ​កូវីដ​របស់​ខ្លួន​នោះ​ទេ​​ ​​ប៉ុន្តែ​រដ្ឋាភិបាល​បាន​ប្រកាស​ពី​ការ​បន្ធូរ​បន្ថយ​តិច​តួច​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​ ដែល​ធ្វើ​ឱ្យ​ទីផ្សារ​ភាគ​ហ៊ុន​កើន​ឡើង​​​។ 

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​លើ​វិធានការ​បន្ធូរ​បន្ថយ​ថ្មី​ចំនួន​ ២០ ​ដែល​ប្រកាស​ដោយ​ក្រុម​ប្រឹក្សា​រដ្ឋ​ ​​​មិន​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ដុំ​កំភួន​​នោះ​ឡើយ​​ ដែល​​​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​បន្ថែម​ទៀត​​ថា​ការ​បើក​ប្រទេស​ឡើង​វិញ​ នឹង​មិន​កើន​មាន​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នោះ​ទេ​។ ​​នេះ​បើ​យោង​តាម​លោក​ Chen Zhiwu ​សាស្ត្រាចារ្យ​ផ្នែក​ហិរញ្ញ​វត្ថុ​នៃ​សាកលវិទ្យាល័យ​ហុង​កុង​។​

ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​សប្ដាហ៍​ចុង​ក្រោយ​នេះ​ ​ការ​ឆ្លង​រាល​ដាល​នៃ​កូវីដ​-១៩នៅ​តាម​សហគមន៍​ក្នុង​​ប្រទេ​ស​​ចិន​ ​បាន​ហក់​ឡើង​យ៉ាង​​ខ្លាំង​ ទោះ​បី​​ជា​មាន​ការ​បិទ​ខ្ទប់ដ៏​​តឹង​រឹង ​​នៅ​តាម​បណ្ដា​​​​ទី​ក្រុង​ធំ​ៗ​ ដែល​មាន​ប្រជាជន​រាប់​លាន​នាក់​រស់​នៅ​​ដូច​ជា​ក្រុង​ប៉េកាំង​ និងក្រុងក្វាងចូវ ​ក៏​ដោយ​។ ​​

ការ​ឆ្លង​ទូទាំង​ប្រទេស​  បាន​ហក់​ឡើង​រហូត​ដល់​រាប់​ម៉ឺន​​ករណី​ក្នុង​​រយៈ​ពេល​មួយ​ថ្ងៃៗ​​ ហើយ​​នៅ​ថ្ងៃ​ព្រ​ហស្បតិ៍​ (ទី​ ២៤ ខែ​វិច្ឆិកា​) ចំនួន​អ្នក​ឆ្លង​សរុប​​ទូទាំង​ប្រទេសរបស់​ចិន​​ បាន​កើន​ឡើង​​ជាង​ ៣២ ០០០ ករណី​។  ​ផល​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង​នៃ​កូវីដ​​លើ​សេដ្ឋកិច្ច​របស់​ចិន​នេះ​ ​បន្ត​កើត​ឡើង​ក្នុង​អំឡុង​ពេល​​​អ្នក​វិនិយោគ​ជា​ច្រើន​បាន​ប៉ាន់​ស្មាន​ថា​ ​ចិន​នឹង​បន្ធូរ​បន្ថយ​គោល​នយោបាយ​សូន្យ​កូវីដ​ឆាប់​។​

​ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ​ លោក​សាស្ត្រាចារ្យ​ Chen នៃ​​សាកលវិទ្យាល័យ​ហុង​កុង​ បាន​និយាយ​ថា​៖ ​«​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​បង្ហាញ​ថា​ វា​មិន​ដូច​អ្វី​ដែ​ល​មនុស្ស​ជា​ច្រើន​បាន​គិត​នោះ​ទេ​។​ ​ប្រសិន​បើ​បញ្ហា​នេះ​បន្ត​រយៈ​ពេល​​៤​ខែ​​ទៅ​មុខ​ទៀត​ វា​នឹង​ធ្វើ​ឱ្យ​ការ​រំពឹង​ទុក​របស់​ទីផ្សារ​ធ្លាក់​ចុះ ​ហើយ​ធ្វើ​ឱ្យ​មនុស្ស​កាន់​តែ​ច្រើន​ខក​ចិត្ត​​»​។

ស្រប​ពេល​ដែល​អ្នក​វិភាគ​រំពឹង​ថា​ ការ​ប្រើ​ប្រាស់​នឹង​ក្លាយ​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០២៣​ នៅ​ពេល​ចិន​បើក​ប្រទេស​ឡើង​វិញ​ ហើយ​ត្រដាប​ត្រដួស​នឹង​ការ​ឆ្លង​រាល​ដាល​កូវីដ​នោះ​ អ្នក​វិភាគ​ខ្លះ​បាន​​លើក​ឡើង​ថា​ កំណើន​ដែល​​រំពឹង​ពី​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​​ អាច​មាន​ចំនួន​តិច​។ ​

សេដ្ឋវិទូ​នៃ​ក្រុម​​ហ៊ុន​ លោក​ Lu ​បាន​និយាយ​ថា​៖ «​​ការ​អនុវត្ត​​គោល​នយោបាយ​​សូន្យ​កូវីដ​​​ពី​រយៈ​ពេល​ ៣​ ឆ្នាំ​កន្លះ ​ទៅ​ ៤​ ឆ្នាំ​​ ​​ នឹង​​ផ្ដល់​ផល​ប៉ះ​ពាល់​លើ​​​​ប្រជាជន​ដ៏​ធំ​ធេង​​ ហើយ​​​​ការ​ប្រើ​ប្រាស់​ និង​​ការ​ទិញ​ ​ក៏​​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​​ទៅ​តាម​ហ្នឹង​ផង​ដែរ​»​។

​​​​របាយការណ៍​ពី​ក្រុម​សេដ្ឋ​វិទូ​របស់​ក្រុម​​ហ៊ុន​ Goldman Sachs ដដែល​ បាន​និយាយ​ថា​ ​ការ​ស្ទុះងើប​ឡើង​វិញ​នៃ​ការ​ប្រើ​ប្រាស់​ប្រកប​ដោយ​​វិសាល​ភាព ​និង​និរន្ត​រភាព​​ ពឹង​ផ្អែក​លើ​ការ​កែ​លម្អ​សក្តានុពល​នៅ​ក្នុង​ទីផ្សារ​ការងារ​ ប្រាក់​ចំណូល​គ្រួសារ ​និង​ទំនុក​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​។

ជាមួយ​គ្នា​នោះ​ផង​ដែរ​  ​​តួនាទី​នៃ​ការ​នាំ​ចេញ​ដែល​ជា​ម៉ាស៊ីន​សេដ្ឋកិច្ច​សម្រាប់​​ចិន​ក្នុង​រយៈ​ពេល​​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ អាចនឹង​ថយ​ចុះ​នៅ​ឆ្នាំ​ ២០២៣​ ​ចំ​ពេល​មាន​ការ​ថយ​ចុះ​នៃ​តម្រូវ​ការ​ខាង​ក្រៅ ​ភាព​តាន​តឹង​ភូមិសាស្ត្រ​នយោបាយ​ និង​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​វិស័យ​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​។​

​អ្នក​វិភាគ​ក៏​និយាយ​ផង​ដែរ​ថា​ ​អចលន​ទ្រព្យ​ ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​​​​ដ៏​សំខាន់​បំផុត​​របស់​ប្រទេស​ចិន​ក្នុង​រយៈ​ពេល​​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ អាច​នឹង​បន្ត​ធ្លាក់​ចុះ​​ប្រសិន​បើ​មិន​នៅ​ទ្រឹង​ទេ​នៅ​ឆ្នាំ​ក្រោយ ទោះ​បី​ជា​ការ​ធ្លាក់​ចុះ​នោះ​មាន​តិច​ជាង​ឆ្នាំ​ ២០២១​ ក៏​ដោយ​។

ជុំ​វិញ​បញ្ហា​នេះ​ដូច​គ្នា​ លោក​ Lu ​បាន​និយាយ​ថា​ ការ​លក់​ផ្ទះ​នឹង​មិន​ងើប​ឡើង​វិញ​មុន​ពេល​ប្រទេស​ទាំង​មូល​រួច​ផុត​ពី​វិបត្តិ​កូវីដ​នោះ​ទេ​។  លោក​បាន​បន្ថែម​ថា​៖ «​យើង​​មាន​​​វិធានការ​​​ជា​​ច្រើន​​ដើម្បី​​ជួយ​​ដល់​​វិស័យ​​អចលន​ទ្រព្យ​ ហើយ​​​ជា​​ធម្មតា​​វា​​គួរ​​តែ​​មាន​​ប្រសិទ្ធ​ភាព​​ខ្លាំង​។​ ប៉ុន្តែ​ឥឡូវ​នេះ​ សូន្យ​កូវីដ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​លើ​ប្រសិទ្ធិភាព​នោះ​»។

ទោះ​បី​ជា​មាន​ការ​ព្រមាន​យ៉ាង​ដូច្នេះ​ក្ដី​ ​លេខាបក្ស​នៃ​ធនាគារ​ប្រជាជន​ចិន​​ លោក Guo Shuqing ​បានអះអាងថា​ វិបត្តិ​អចលន​ទ្រព្យ​របស់​ចិន​​ត្រូវ​បាន​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​​បំភាន់​ ​ហើយ​និយាយ​​ថា​ ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​មាន​​ភាព​ធន់​រឹង​មាំ​ មាន​សក្ដានុពល​​អស្ចារ្យ​ ​និង​នៅ​តែ​អាច​រីក​ចម្រើន​ខ្លាំង​ទៅ​មុខ​ទៀត​៕

ដោយ៖ហួន ឌីណា

ads banner