មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ រៀបចំយុទ្ធនាការ បរិច្ចាកឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»
ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនិងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស នាព្រឹកថ្ងៃទី២៧ ខែវិច្ឆការ ឆ្នាំ២០២២ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយភ្នំពេញ បានរៀបចំយុទ្ធនាការ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» ក្រោមវត្តមានលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និង លោក Kamata Keiya នាយកប្រតិបត្តិ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ។

លោកវេជ្ជបណ្ឌិត Okawada Manabu ប្រធានមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានអោយដឹងថា នេះគឺជាលើកទី១១ហើយនៃការបរិច្ចាកឈាមក្នុងមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ ។ លោកបន្តថាយុទ្ធនាការ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» ថ្ងៃនេះ គឺជាប្រធានបទដ៏ មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា ពីព្រោះថាក្នុង១ថ្ងៃៗមានអ្នកជំងឺជាច្រើនដែលត្រូវការឈាម ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លើកឡើងថា យើងត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមានជាង២៥០ ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧០%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃនិងដោយស្ម័គ្រចិត្តឆ្លើយតបបានប្រហែលតែ១០% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។ បន្ថែមពីនេះលោកក៏បានបញ្ជាក់ដែរថាការបរិច្ចាកឈាមគឺមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ពីមនុស្ស មិនមានរោងចក្រឱសថណាអាចផលិតបានទេ សូមកុំរង់ចាំដល់វលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល ៕ ដោយ ៖ ហេង សម្បត្តិ



