មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានបិទបញ្ចប់
ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជាត្រូវបានបិទបញ្ចប់ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ស.ស.យ.ក. រយៈពេល២ថ្ងៃ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
*ទី១៖ បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន
*ទី២៖ ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក.
*ទី៣៖ បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល
*ទី៤៖ ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.។
ក្នុងមហាសន្និបាតវិសាមញ្ញសហភាពសហព័ន្ធយុវជនកម្ពុជានេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបោះឆ្នោតជ្រើសតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស
ក្នុងការបោះឆ្នោតនោះ មហាសន្និបាតក៏បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ទៀ សីហា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាជិកគណៈអចិន្ដ្រៃយ៍បន្ថែមចំនួន០៩រូប ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលថ្មី ចំនួន២០៣រូបបន្ថែមទៀត៕







